មណ្ឌលគិរី៖ ក្រុមអ្នកជំនាញស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៃក្រសួងបរិស្ថាន និងអង្គការWWF បានផ្តល់សេចក្តីរាយការណ៍ពីលទ្ធផលនៃការតាមដានសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតត្រឹមខែមេសានេះ ដោយបានបញ្ជាក់ពីវត្តមានរបស់សត្វខ្លារខិនញី១ក្បាល តាមរយៈរូបថតដ៏កម្រដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។
លទ្ធផលនៃការតាមដានសត្វព្រៃ ក៏បានបង្ហាញផងដែរពីវត្តមាននៃពពួកសត្វក្រចកជើងចំពាមរួមមានសត្វប្រើសដែលជាប្រភេទសត្វកម្រ សត្វជ្រូកព្រៃ សត្វឈ្លូស ក៏ដូចជាសត្វស្លាប និងស្វាក្តាមផងដែរ។
សត្វខ្លារខិនត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតក្នុងប្រទេសកម្ពុជា គឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រជឿថា នៅសេសសល់ចំនួនតិចតួចបំផុត។ បើទោះជាយ៉ាងនេះក្តី សត្វមំសាសី ដ៏កម្របំផុតមួយប្រភេទនេះ កំពុងបន្តទទួលរងការគំរាមកំហែងនឹងការផុតពូជដោយសារវិបត្តិអន្ទាក់ ដែលបានរាលដាលឡើងដោយការជួញដូរសត្វព្រៃខុសច្បាប់។
សត្វខ្លារខិនអាចប្រឈមមុខនឹងជោគវាសនាដូចគ្នានឹងសត្វខ្លាធំដែលបានផុតពូជទៅហើយ ដោយហេតុថាចំនួននៅសេសសល់ដ៏តិចតួចបំផុតរបស់វានៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃការជាប់អន្ទាក់ដែលបានលាក់បង្កប់ខ្លួនយ៉ាងស្ងៀមស្ងាត់នៅក្នុងទីជម្រកព្រៃហើយរង់ចាំស្ទាក់ចាប់ និងសម្លាប់សត្វគ្រប់ប្រភេទទាំងអស់រួមទាំងសត្វខ្លារខិន សត្វក្រចកជើងចំពាម និងសត្វព្រៃផ្សេងៗទៀតដោយមិនរើសមុខឡើយ។
រាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថាន បានបើកយុទ្ធនាការ “អន្ទាក់-សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា” កាលពីដើមខែមីនាឆ្នាំ២០២២កន្លងទៅនេះ ដោយបានប្តេជ្ញាចិត្តរួមគ្នាបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីការពារអនាគតប្រជាជន និងការរស់រានរបស់សត្វព្រៃកម្ពុជា៕