សិង្ហបុរី៖ Christopher Lee និង Fann Wong បានចូលរួមក្នុងកម្មវិធីកម្សាន្តមួយជាមួយដោយក្នុងមួយភាគៗពួកគេតែងមានសកម្មភាពថ្មីៗមកចែករំលែក ហើយក្នុងចំណោមភាគទាំងនោះមានភាគមួយ ដែល Christopher Lee និងមិត្តរួមសិល្បៈ២រូបទៀតមាន JJ និង Junyang បានចែករំលែកអារម្មណ៍ពេលត្រូវបំពេញការងារនៅឆ្ងាយពីផ្ទះ និងវិធីបំបាត់ការនឹករឭកផ្ទះ ក៏ដូចជាសមាជិកក្នុងផ្ទះជាដើមដោយ JJ បាននិយាយថា សម្រាប់លោកបានស្វែងរករបស់របរដែលស្រដៀងៗនៅក្នុងផ្ទះ ដែលបូករួមទាំងម្ហូបផងដែរ។
ការពិភាក្សានេះបានធ្វើឱ្យ Christopher Lee នឹកឃើញប្រពន្ធលោក Fann Wong មួយរំពេចដោយលោកបានឱ្យដឹងថា កាលកូនប្រុសលោក Zed មានអាយុ២ខួប លោកបាននាំប្រពន្ធទៅកម្សាន្តនៅកោះម៉ាល់ឌីវ ដើម្បីឱ្យនាងបានសម្រាកពីការមើលថែកូនបានមួយរយៈ ប៉ុន្តែអ្វីដែលលោកបានរំពឹងទុកថានាងនឹងសប្បាយចិត្តជាមួយពេលវេលាតែ២នាក់ផ្អែមល្ហែម បែរផ្ទុយស្រឡះទៅវិញ។
លោកបានបន្ថែមថា នៅពេលទៅដល់ភ្លាម Fann មានអារម្មណ៍ធម្មតា ប៉ុន្តែនៅពេលយប់លោកបានឮសំឡេងយំខ្សឹកខ្សួល។ ពេលនោះលោកស្មានតែខ្មោចលងទើបក្រោកបើកភ្លើងដើម្បីពិនិត្យ បែរជាឃើញប្រពន្ធខ្លួនកំពុងយំទៅវិញ បន្ទាប់ពីសួរនាំទើបដឹងថា នាងនឹកកូនប្រុសខ្លាំងទើបមិនអាចទប់ទឹកភ្នែកបានបែបនេះ។ គួរបញ្ជាក់ដែរថា ខណៈពេលនោះ អ្វីដែល Christopher អាចធ្វើបានគឺនាំប្រពន្ធវេចបង្វិចត្រលប់ទៅផ្ទះវិញភ្លាមដោយសារនាងមិនអាចឃ្លាតឆ្ងាយពីកូនបានឡើយ៕