កម្សាន្ត៖ ឃ្លាតចាកឆ្ងាយពីសិល្បៈ និងប្រទេសកម្ពុជាអស់រយៈពេលជាង ១០ឆ្នាំមកនេះ អតីតតារាសម្តែងល្បីឈ្មោះលោក សុក សុភា បានធ្វើអន្តោប្រវេសន៍ទៅរស់នៅទឹកដីប្រទេសអូស្ត្រាលី ជាមួយភរិយាបណ្តូលចិត្តដោយទទួលបានកូនប្រុសស្រីចំនួន ៤នាក់ផងដែរ។
យ៉ាងណាមិញ បើទោះជាមិនមានវត្តមានលើវិថីសិល្បៈទៀតក៏ពិតមែន ក៏លោក សុក សុភា នៅមានសកម្មភាពលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីអ្នកគាំទ្រអាចដឹងសុខទុក្ខរបស់លោកផងដែរ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នេះ លោកបានចែករំលែករូបថតសាងផ្នួសដោយបានបញ្ជាក់ថា៖ “ជាថ្ងៃកំណើតអាត្មា ដូច្នេះអាត្មាសូមសាងព្រះផ្នួស”។
គ្រាន់តែឃើញរូបទាំងនេះភ្លាម ធ្វើឱ្យអ្នកគាំទ្រជាច្រើននឹករឭកដល់ភាពយន្តដែលលោកធ្លាប់សម្តែងតួអង្គ នេនទុំ ក្នុងរឿង ទុំទាវ មួយរំពេច។ ទោះជាយ៉ាងណា អ្នកគាំទ្របានចូលរួមសរសេរពាក្យជូនពរភិក្ខុ សុក សុភា ក្នុងថ្ងៃកំណើតជាហូរហែផងដែរ៕