×

ក្រុមការងារ​ជួសជុល​តួប្រាង្គ​បាកាណ​​អង្គរវត្ត ប្រើ​តែកម្លាំង​មនុស្ស ដើម្បី​ជៀសវាង​ខូចខាត

សៀមរាប៖ ជាលើកទីមួយហើយ ដែលការជួសជុលតួប្រាង្គប្រាសាទ ត្រូវបានធ្វើឡើងដោយកម្លាំងមនុស្សសុទ្ធសាធ ដើម្បីការពារកុំឱ្យខូចខាតដល់សំណង់បុរាណដទៃ។

ក្រុមការងារអាជា្ញធរជាតិអប្សរា បានជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ដែលជាទីតាំងមួយនៅខ្ពស់ ព័ទ្ធជុំវិញទៅដោយជញ្ជាំងរោងទងថ្មពីរជាន់ដែលមិនអាចឱ្យនាំគ្រឿងចក្រធុនតូច ឬធំ ចូលទៅបម្រើការជួយជួសជុលនៅការដ្ឋាននោះបានឡើយ។

លោក គឹម សុធិន អគ្គនាយរងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការជួសជុលតួប្រាង្គកណ្តាលរួតទីបីនៃប្រាសាទអង្គរវត្តបានប្រើរយៈពេលជាង១០ខែនោះ គឺប្រើកម្លាំងមនុស្សសុទ្ធសាធ ជាមួយនឹងការតស៊ូ និងភាពអត់ធ្មត់និងយកចិត្តទុកដាក់បំផុត។

ក្រុមអ្នកជួសជុលត្រូវប្រើកម្លាំងលើកដុំថ្មថ្មីដែលត្រូវយកឡើងទៅបំពេញបន្ថែមនៅតាមកន្លែងចាំបាច់ដើម្បីពង្រឹងរចនាសម្ពន្ធ និងទ្រដុំថ្មចាស់ដែលបានរកឃើញទីតាំង។ ពេលចាប់ផ្ដើមទាញយោងឡើងដោយដៃថ្មថ្មីមួយដុំ បានប្រើពេលរហូតដល់ ៣ថ្ងៃ ទើបទាញយកបាន។ ចំណែកឯការដឹកជញ្ជូនថ្មចល័តពីកន្លែងមួយទៅកន្លែងមួយវិញទៀតសោត គឺប្រើរទេះរណេលឈើ ឬដែកទីបរុញឬទាញដោយមនុស្សយ៉ាងតិចចំនួន ១២នាក់ ជួយអូសផង ទាញផង និងរុញផងទើបអាចនាំថ្មចល័តទៅមកបាន។ កិច្ចការរុះរើរៀបថ្មខឿនរួតបាកាណនេះ គឺទាមទារឱ្យក្រុមអ្នកជំនាញ និងជាងរិះរកគ្រប់វិធីសាស្ត្រ បច្ចេកទេស ដើម្បីពង្រឹងរចនាសម្ពន្ធសំណង់ប្រកបឱ្យរឹងមាំឡើងវិញ ហើយមិនប៉ះពាល់ដល់សំណង់ចាស់ដែលទ្រុឌទ្រោមខូចខាត ដោយសារអាយុកាលនៃវត្ថុធាតុដើមទៀតផង។

លោកមានប្រសាសន៍បន្ថែមទៀតថា នេះជាលើកទីមួយហើយដែលការជួសជុលខឿនកណ្ដាលរួតបាកាណនៃប្រាសាទអង្គរវត្ត បានប្រើកម្លាំងមនុស្ស ដែលទទួលបានជោគជ័យមិននឹកស្មានដល់ ពីព្រោះគេមិននឹកស្មានថាក្រុមការងារអាចធ្វើបាន នៅក្នុងពេលដ៏លំបាកបំផុតទាំងការងារ និងទាំងពេលដែលមានវិបត្តិដោយជំងឺកូវីដ១៩៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង