ពិតណាស់ ផ្លែបឺរគឺជាកំពូលផ្លែឈើដែលអាចផ្ដល់ប្រយោជន៍សុខភាពយ៉ាងច្រើន ដោយជួយកាត់បន្ថយកូលេស្តេរ៉ូល និងការរលាកយ៉ាងមានប្រសិទ្ធភាព។ យោងតាមការសិក្សាមួយបានបង្ហាញថា ផ្លែបឺរក៏អាចរួមចំណែកដល់ការព្យាបាលជំងឺមហារីកគ្រាប់ឈាម ដែលវិវត្តនៅក្នុងខួរឆ្អឹងដោយសារតែការកើនឡើងនៃចំនួនកោសិកាឈាមស។ សមាសធាតុមួយដែលមាននៅក្នុងផ្លែបឺរ អាចកំណត់អង់ស៊ីមឈ្មោះថា VLCAD ដែលមានសារសំខាន់សម្រាប់ការលូតលាស់របស់កោសិកាមហារីក។ ជាក់ស្ដែង កោសិកាជំងឺមហារីកឈាមស មានបរិមាណអង់ស៊ីមVLCAD ខ្ពស់ ដែលពាក់ព័ន្ធនឹងការធ្វើមេតាប៉ូលីស។ រីឯសារធាតុAvocatin Bដែលជាម៉ូលេគុលខ្លាញ់ត្រូវបានរកឃើញនៅក្នុងផ្លែបឺរអាចរារាំងអង់ស៊ីមមួយប្រភេទនេះបានយ៉ាងស័ក្ដិសិទ្ធិ។
អត្ថប្រយោជន៍ដទៃទៀតនៃផ្លែបឺរ៖
១. កាត់បន្ថយកូលេស្តេរ៉ូល និងការរលាក
ផ្លែបឺរគឺជាប្រភពថាមពលនៃខ្លាញ់សុខភាព ហើយវាក៏សំបូរទៅដោយអាស៊ីដOleic ដែលមាននៅក្នុងអូលីវ និងប្រេងអូលីវ។ ខ្លាញ់ប្រភេទនេះ មានអត្ថប្រយោជន៍ដល់សុខភាពជាច្រើន រួមទាំងការកាត់បន្ថយកូលេស្តេរ៉ុល និងការរលាក។
២. ជួយដល់ជំងឺរលាកសន្លាក់ និងការពារជំងឺភ្នែក
ជាមួយគ្នានេះដែរ ផ្លែឈើមួយប្រភេទនេះក៏សំបូរទៅដោយជាតិសរសៃ ប៉ូតាស្យូម និងវីតាមីនផងដែរ។ សម្រាប់អ្នកដែលទទួលរងជំងឺរលាកសន្លាក់ គប្បីបញ្ចូលប្រេងបឺរទៅក្នុងរបបអាហារ ពីព្រោះវាអាចជួយកាត់បន្ថយអាការៈចុករួយ និងឈឺចាប់ផ្សេងៗ។ ម្យ៉ាងវិញទៀត ប្រេងបឺរក៏ជាប្រភពដ៏ល្អនៃសារធាតុlutein ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចការពារយើងពីជំងឺភ្នែកដែលទាក់ទងនឹងអាយុ ដូចជាជំងឺភ្នែកឡើងបាយជាដើម។
៣. ជួយឱ្យស្បែកមានសុខភាពល្អ
ទន្ទឹមនឹងនេះដែរ ផ្លែបឺរមានអត្ថប្រយោជន៍ច្រើនចំពោះស្បែក ដោយសារតែវាមានផ្ទុកខ្លាញ់សុខភាព វីតាមីន និងសារធាតុរ៉ែ។ ជាងនេះទៅទៀត វាផ្ទុកទៅដោយវីតាមីនE និងC ដែលមានសារសំខាន់សម្រាប់ស្បែក។ ក្រៅពីការញ៉ាំផ្លែបឺរ យើងក៏អាចលាបវានៅលើស្បែកដូចគ្នា ដើម្បីទទួលបានសម្រស់ស្រស់ស្អាត និងស្បែកទន់ម៉ត់រលោង។
៤. ជួយសម្រកទម្ងន់
បន្ថែមពីនេះ ការញ៉ាំផ្លែបឺរក៏អាចជួយដល់ការសម្រកទម្ងន់ផងដែរ។ ជាមួយនឹងបរិមាណជាតិសរសៃខ្ពស់នៅក្នុងផ្លែបឺរ វាអាចជួយកាត់បន្ថយចំណង់អាហារ សម្រួលដល់ការធ្វើមេតាប៉ូលីស កាត់បន្ថយហានិភ័យនៃសម្ពាធឈាមខ្ពស់ និងកាត់បន្ថយកម្រិតកូលេស្តេរ៉ូល៕
ប្រភព៖ Hellokrupet