ថៃ៖ ប្រទេសថៃ បានបើកប្រទេសឡើងវិញ ដោយបន្ធូរបន្ថយការរឹតបន្តឹង ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ដោយបានលុបចោលនូវការធ្វើតេស្ត PCR មុនចូលទៅប្រទេសថៃ និងកាត់បន្ថយទឹកប្រាក់ធានារ៉ាប់រងព្យាបាលកូវីដ១៩។
យោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឱ្យដឹងថា ច្រកព្រំដែនកម្ពុជា-ថៃ ក៏បានចាប់ផ្ដើមបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ផងដែរ។ ដោយសារប្រជាពលរដ្ឋកម្ពុជា ភាគច្រើនបានទទួលវ៉ាក់សាំងបង្ការកូវីដ១៩ពេញលេញ ដូច្នេះ ការធ្វើដំណើរទៅកាន់ប្រទេសថៃ ពុំសូវមានភាពសាំញ៉ាំឡើយ។
អ្នកដំណើរដែលចាក់វ៉ាក់សាំងពេញលេញ គ្រាន់តែចុះឈ្មោះតាមវេបសាយ tp.consular.go.th នៃគម្រោង Thailand Pass និងត្រូវមានធានារ៉ាបរងព្យាបាលជំងឺកូវីដ១៩ ដែលមានទឹកប្រាក់ធានា ១ម៉ឺនដុល្លារអាមេរិក (ត្រូវទិញ៥០ដុល្លារក្នុងមួយខែ)។ អ្នកដំណើរ មិនតម្រូវឱ្យធ្វើតេស្ត PCR ទេ ប៉ុន្តែអាចធ្វើតេស្តរហ័ស (ATK) ដោយខ្លួនឯង អំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ។
លក្ខខណ្ឌសម្រាប់អ្នកដំណើរដែលមិនបានទទួលវ៉ាក់សាំង មានភាពសាំញ៉ាំជាងអ្នកដែលមានវ៉ាក់សាំងពេញលេញ។ អ្នកដំណើរទាំងនេះ ត្រូវមានលទ្ធផលតេស្ត PCR អវិជ្ជមានកូវីដ១៩ មុនពេលធ្វើដំណើរ ៧២ម៉ោង និង ត្រូវធ្វើចត្តាឡីស័ក ៥ថ្ងៃ ដោយធ្វើតេស្ត PCR ទៀតនៅថ្ងៃទី៤ ឬទី៥។
សូមជម្រាបថា ខេត្តថៃជាប់ព្រំដែនកម្ពុជា ដែលអាចធ្វើដំណើរបានរួមមាន៖ ខេត្តស្រះកែវ ខេត្តសុរិន្ទ ខេត្តត្រាត និងខេត្តចាន់ថៈបុរី៕