
ភ្នំពេញ៖ ផលិតករល្បីឈ្មោះលោក គួច ខេវិន ដែលមហាជនជាច្រើនបានស្គាល់រូបលោករួចមកហើយក្រោមស្នាដៃផលិតកម្មវិធីកម្សាន្តសប្បាយៗជាច្រើនកន្លងមកលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

ជាធម្មតា ផលិតកររូបនេះ មានការយកចិត្តទុកដាក់ចំពោះសុខភាពជាខ្លាំងដោយលោកតែងទៅពិនិត្យសុខភាពរៀងរាល់មួយឆ្នាំម្តង ប៉ុន្តែសម្រាប់ឆ្នាំនេះលោកបានចែករំលែករូបភាពមួយចំនួននៅលើគ្រែពេទ្យដោយសារមានជំងឺរលាកពោះវៀនធ្វើឱ្យលោកស្រកអស់ ៦គីឡូយ៉ាងឆាប់រហ័ស។
ទោះជាយ៉ាងណា លោកក៏បានបញ្ជាក់ឱ្យដឹងព្រឹកនេះដែរថា អាការរបស់លោកបានធូរស្រាលហើយបន្ថែមពីនេះផងដែរលោកក៏បានអរគុណចំពោះទឹកចិត្តអ្នកគាំទ្រដែលបានផ្ញើសារជូនពរឱ្យលោកឆាប់ជាសះស្បើយ។
គួរបញ្ជាក់ដែរថា ជីវិតផលិតកររូបនេះបន្ទាប់ពីទំនេរពីការងារហើយ លោក គួច ខេវិន តែងចំណាយពេលវេលាធ្វើដំណើរកម្សាន្តទៅតាមតំបន់ទេសចរណ៍បែបធម្មជាតិនានាដើម្បីបន្ថែមរសជាតិជីវិតឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀតផងដែរ៕
