×

រកឃើញ​បំណែក​ចម្លាក់​អប្សរា​សម័យបាយ័ន្ត នៅជញ្ជាំង​ខាងជើង​ស្ពាន​ហាល​ខាងលិច​ខ្លោងទ្វារតាកាវ

សៀមរាម៖ កាលពីពេលថ្មីៗនេះ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ បានប្រទះឃើញដុំថ្មមានរូបចម្លាក់អប្សរាសម័យបាយ័ន្ត ព្រមទាំងថ្មចម្លាក់ផ្សេងទៀតនៅផ្នែកខាងជើងស្ពានហាល នៃខ្លោងទ្វាតាកាវ ក្រោយពេលគេបានសម្អាតរុក្ខជាតិ និងកាយកំណកដីដែលបានលុបលើរចនាសម្ពន្ធផ្នែកខាងក្រោមនៃស្ពានហាលជាយូរឆ្នាំមកហើយ។ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរជាតិអស្សរា នៅថ្ងៃទី២ ខែឧសភាព ឆ្នាំ២០២២។

លោកស្រី គឹម សេងភក្តី បុរាណវិទូ បានឱ្យដឹងថា បំណែកថ្មដែលមានរូបចម្លាក់អប្សរា និងក្បាច់ចម្លាក់លម្អផ្សេងៗ ត្រូវបានគេយកមករៀបធ្វើជាជញ្ជាំងខាងជើងនៃស្ពានហាល។ រូបចម្លាក់អប្សរាទាំងអស់នេះមានលក្ខណៈដូចគ្នាទៅនឹងរូបចម្លាក់អប្សរានៅតាមសរសរប្រាសាទបាយ័ន្ត។ រីឯចម្លាក់ថ្មដទៃផ្សេងទៀតមានរូបរាងដូចគ្នានឹងចម្លាក់ដែលលម្អលើរចនាសម្ពន្ធនៃសំណង់ខ្លោងទ្វារតាកាវ។

លោកស្រីបានសន្និដ្ឋានថា ជាជំហានដំបូងគឺ ទី១ បំណែកថ្មដែលមានរូបចម្លាក់ទាំងនេះប្រហែលជាត្រូវបានសាងសង់ដំណាលគ្នានឹងខ្លោងទ្វារ និងប្រាសាទបាយ័ន្ត ដោយយកថ្មពីប្រាសាទបាយ័ន្តយកមកបំពេញចំណុចខ្វះខាតនៅស្ពានហាលនេះ ព្រោះរូបចម្លាក់អប្សរាស្ថិតក្នុងរចនាប័ទ្មបាយ័ន(ចុងស.វ.ទី១២ និងដើមស.វ.ទី១៣)។ ទី២ ស្ពានហាលនេះ អាចមានការសាងសង់បន្ថែមនៅដំណាក់កាលណាមួយដោយបានរុះរើយកថ្មពីប្រាសាទបាយ័ន្តមកប្រើប្រាស់។

ជាជំហានបន្ទាប់ ក្រុមអ្នកបុរាណវិទ្យានឹងធ្វើកំណាយស្វែងរកថ្មរូបចម្លាក់ទេវតាជាច្រើនដែលបានធ្លាក់ចូលទៅក្នុងកសិន្ធុផ្នែកខាងជើងនៃស្អានហាល ដើម្បីយកថ្មចម្លាក់ដែលកប់បាត់នៅក្នុងដីទាំងអស់នោះមកជួសជុល និងរៀបដាក់ទៅតាមទីកន្លែងដើមវិញ។ យោងតាមការរកឃើញដុំថ្មមានចម្លាក់អប្សរាដូចនៅប្រាសាទបាយ័ន្ត នៅតាមជញ្ជាំងដែលជាគ្រឹះរូបទេវតាបាននាំឱ្យមានចម្ងល់ថា តើចម្លាក់ទេវតា និងយក្សទាញព្រ័ត្រនេះសង់នៅពេលណា?៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង