×

Apple ប្រឈមនឹង​ការចោទប្រកាន់​ពី​បទបំពាន​ការប្រកួតប្រជែង​លើ​ការទូទាត់ Contactless

បែលហ្ស៊ិក៖ គណៈកម្មការអឺរ៉ុប បានចោទប្រកាន់ក្រុមហ៊ុន Apple ពីបទរំលោភលើការប្រកួតប្រជែង សម្រាប់ការបង់ប្រាក់តាមទូរសព្ទស្មាតហ្វូន Contactless ។

នៅក្នុងការរកឃើញបឋម ក្រុមហ៊ុនអាមេរិក Apple អាចនឹងបំពានច្បាប់ប្រកួតប្រជែង ដោយរារាំងគូប្រជែងពីការចូលប្រើប្រាស់បច្ចេកវិទ្យា “tap and go” របស់ខ្លួន។ យ៉ាងណា Apple បានបដិសេធការចោទប្រកាន់នេះ ហើយបានសន្យាថានឹងចូលរួមជាមួយគណៈកម្មការអឺរ៉ុប ក្នុងការស៊ើបអង្កេត។

ប្រសិនបើការចោទប្រកាន់ជាការពិត Apple អាចត្រូវបានផាកពិន័យរហូតដល់ ១០% នៃប្រាក់ចំណូលសាកលរបស់ខ្លួនចំនួន ៣៦,៦ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន។

អនុប្រធានសហភាពអឺរ៉ុប Margrethe Vestager បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “យើងទទួលបានមកថា Apple បានរឹតបន្តឹងការចូលប្រើប្រាស់របស់ភាគីទីបី ចំពោះបច្ចេកវិទ្យាសំខាន់ៗដែលចាំបាច់ក្នុងការអភិវឌ្ឍដំណោះស្រាយកាបូបចល័តរបស់គូប្រជែងនៅលើឧបករណ៍របស់ Apple” ។

មន្ត្រីសហភាពអឺរ៉ុប ដែលទទួលបន្ទុកគោលនយោបាយប្រកួតប្រជែងបាននិយាយថា៖ “យើងបានរកឃើញជាបឋមថា Apple អាចនឹងដាក់កម្រិតលើការប្រកួតប្រជែង ដើម្បីជាប្រយោជន៍ដល់មុខងារ Apple Pay”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង