×

កាន់តែងាយ! ឥឡូវនេះ​ពលរដ្ឋ​អាច​ទៅ​ទទួល​សេវា​ធ្វើបណ្ណព្រំដែន នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋ មានបំណងទៅទទួលសេវាធ្វើបណ្ណព្រំដែន អាចអញ្ជើញទៅទទួលសេវានេះនៅការិយាល័យច្រកចេញចូលតែមួយ ក្រុងប៉ោយប៉ែត ស្ថិតក្នុងបរិវេណសាលាក្រុងប៉ោយប៉ែត ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិគីឡូ៤ សង្កាត់ផ្សារកណ្ដាល។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនមន្ត្រីប្រចាំការ ៣រូប ដើម្បីសម្រួលដល់ការធ្វើបណ្ណព្រំដែន សម្រាប់ប្រជាពលរដ្ឋ នៅរៀងរាលម៉ោងធ្វើការ ពីថ្ងៃចន្ទ-សុក្រ ពេលព្រឹកម៉ោង៧:៣០នាទី-១១:៣០នាទី និង ពេលរសៀលម៉ោង១៣:៣០នាទី-១៧:៣០នាទី។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ប្រជាពលរដ្ឋ គ្រាន់តែភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមួយចំនួនដូចជា៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថតចម្លង ឬសេចក្តីចម្លងសំបុត្រកំណើត, បញ្ជាក់កំណើតចំនួន០១ច្បាប់, សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅថតចម្លងចំនួន០១ច្បាប់, រូបថតសាមីខ្លួនបច្ចុប្បន្ន4×6 ចំនួន០២សន្លឹក, រូបថតកូន3×4 ចំនួន០២សន្លឹក(ករណីមានកូនរួមដំណើរជាមួយអាយុ១២ឆ្នាំចុះក្រោម) និង ត្រូវមកបង្ហាញមុខដោយផ្ទាល់ ដោយត្រូវផ្តិតស្នាមមេដៃលើពាក្យស្នើសុំ និងបណ្ណព្រំដែន។

អភិបាលក្រុងប៉ោយប៉ែត បន្តថា រយៈពេលផ្តល់សេវា (៥ថ្ងៃយ៉ាងយូរ) និងតម្លៃសេវាធ្វើបណ្ណព្រំដែន ត្រឹមតែ ពីរម៉ឺនរៀលប៉ុណ្ណោះ។ ការធ្វើបណ្ណព្រំដែនមិនមានការទាមទារលើសកម្រៃសេវាដែលបានបញ្ជាក់ជូនខាងលើនោះទេ។ករណីមានការទាមទារលើសកម្រៃសេវា ត្រូវផ្តល់ព័ត៌មានមករូបលោកផ្ទាល់ ឬតាមរយៈលេខទូរសព្ទ 017 836 529, 095 500 003 ឬ 011 306 600 ដើម្បីមានវិធានការ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង