ភ្នំពេញ៖ បន្ទាប់ពីរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គលអស់រយៈពេលជាច្រើនឆ្នាំមកនេះ និងមានកូនភ្លោះស្រីមួយគូជាចំណងដៃផងនោះ បានធ្វើឱ្យគ្រួសាររបស់តារាកំប្លែងជើងចាស់នាយក្រឹម និងអ្នកនាងស្រីលាភកាន់តែផ្អែមល្ហែមជាមួយគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ គ្រួសារដ៏កក់ក្តៅមួយនេះតែងចំណាយពេលវេលាជុំគ្នាមើលទៅហាក់មានសុភមង្គលមិនធម្មតាឡើយ។
ជាងនេះទៅទៀត លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ នាយក្រឹម ថែមទាំងបណ្តើរអ្នកនាង ស្រីលាភ ចូលរួមក្នុងកម្មវិធីតូចធំយ៉ាងត្រសង ជាហេតុធ្វើឱ្យមនុស្សមិនតិចឡើយលួចច្រណែនគូស្នេហ៍មួយនេះជាខ្លាំង។
គួរបញ្ជាក់ដែរថា ចាប់តាំងពីសម្រេចចិត្តរួមរស់ជាមួយគ្នាជាផ្លូវការមក គូស្នេហ៍ដែលមានវ័យខុសគ្នាដូចមេឃ និងដីនេះមិនដែលលេចឮព័ត៌មានអាស្រូវទាស់ទែងគ្នាម្តងណាឡើយ។ ផ្ទុយទៅវិញ មានតែទទួលបានការកោតសរសើរចំពោះក្តីស្រលាញ់ដែលអ្នកទាំងពីរមានចំពោះគ្នាដោយបរិសុទ្ធ៕