
ថៃ៖ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានព្រមានអំពីក្រដាសប្រាក់ ១០០០ បាតក្លែងក្លាយ ហើយអ្នកដែលមានក្រដាសប្រាក់ក្លែងក្លាយនេះ ត្រូវប្រគល់ទៅធនាគារពាណិជ្ជណាមួយដែលនៅក្បែរនោះ។

អ្នកស្រុកនៅខេត្តនុនថៈបុរី ភាគកណ្តាលប្រទេសថៃ បានរកឃើញក្រដាសប្រាក់ ១០០០ បាតក្លែងក្លាយជាច្រើនសន្លឹក។ អ្នកស្រុកម្នាក់ បានកំណត់សម្គាល់នៅពេលដែលគាត់យកដាក់ក្នុងទឹក ដោយសម្គាល់ថា ពណ៌របស់ក្រដាសប្រាក់នេះ បានប្រែពណ៌។ គាត់បានរកឃើញក្រដាសប្រាក់ក្លែងក្លាយជាង ៣០ សន្លឹក។
បន្ទាប់ពីទទួលបានព័ត៌មាននេះ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីថៃ បានប្រកាសថា នាយករដ្ឋមន្ត្រីបានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយឱ្យទូលំទូលាយដល់ប្រជាពលរដ្ឋថៃ។
នាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ក៏បានព្រមានពីការផាកពិន័យធ្ងន់ធ្ងរលើអ្នកផលិត និងអ្នកប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយផងដែរ។ អ្នកផលិតក្រដាសប្រាក់ក្លែងក្លាយអាចប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់រហូតដល់ ៤សែនបាត។ រីឯអ្នកប្រើប្រាស់ប្រើប្រាស់ ឬចែកចាយក្រដាសប្រាក់ក្លែងក្លាយដោយចេតនា អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៣សែនបាត៕
