
ភ្នំពេញ៖ តារាសម្តែង និងជាកីឡាការិនីគុនល្បុក្កតោ សំ ថារ័ត្ន កំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនសរសើរពីទេពកោសល្យរបស់ខ្លួន ក្នុងការប្រើកម្លាំងកែងដៃពុះផ្លែដូងដោយមិនមានឧបសគ្គឡើយ។ កីឡាការិនីរូបនេះ បានសរសេរបែបលេងសើចបែបនេះថា រើផ្ទះបាត់កាំបិតធំ ប៉ុន្តែទោះជាយ៉ាងណា សំ ថារ័ត្ន បានបញ្ជាក់ឱ្យដឹងដែរថា នេះក៏ជារបៀបមួយនៃការហ្វឹកហាត់ដែរ ដើម្បីលត់ដំកែងដៃឱ្យស្ពឹក មាំ ក្រាស់ ស្រួច ខ្លាំង។

វីដេអូមួយនេះ បានធ្វើឱ្យគ្រប់គ្នាចំហរមាត់ និងសរសើរពីកម្លាំងកីឡាការិនីរូបនេះជាខ្លាំង ជាពិសេសទឹកចិត្តមោះមុតក្នុងការលើកស្ទួយគុនល្បុក្កតោរបស់ខ្មែរយើងដែលមានតាំងពីបុរាណមក ដោយកីឡាការិនី សំ ថារ័ត្ន បានក្លាយជាចំណែកមួយបានចូលរួមថែរក្សាកេរដំណែលរបស់ខ្មែរយើងឱ្យបានគង់វង្សបែបនេះ។
គួរបញ្ជាក់ដែរថា ដោយសារសមត្ថភាពពិសេសរបស់ សំ ថារ័ត្ន ក៏បានធ្វើឱ្យ កីឡាការិនីរូបនេះ ក្តោបបានឱកាសសម្តែងក្នុងភាពយន្តហូលីវូដ Shotgun Wedding រួមសម្តែងជាមួយនឹងតារាល្បី Jennifer Lopez និង Josh Duhamel ក្នុងភាពយន្តនេះផងដែរ៕

(ទស្សនាវីដេអូ)