អាមេរិក៖ តារាសម្តែង Kailia Posey ដែលចាប់ផ្តើមទទួលបានកេរ្តិ៍ឈ្មោះល្បីចាប់តាំងពីសម្តែងរឿង Toddlers and Tiaras ត្រូវបានម្តាយរបស់នាងប្រកាសតាមបណ្តាញសង្គមហ្វេសបុកកាលពីថ្ងៃចន្ទ នេះថា កូនស្រីរបស់គាត់ដែលជាតារាសម្តែងវ័យក្មេង Kailia Posey បានទទួលមរណភាពហើយក្នុងវ័យ១៦ឆ្នាំ។ ទោះជាយ៉ាងណា ការស្លា ប់របស់តារាសម្តែងវ័យក្មេងរូបនេះមិនត្រូវបានម្តាយនាងបញ្ជាក់ពីមូលហេតុឡើយ។
កាលពីខែកុម្ភៈកន្លងទៅ Kailia Posey ធ្លាប់បានចែករំលែកឱ្យដឹងថា នាងបានត្រៀមខ្លួនចូលរួមប្រកួតក្នុងកម្មវិធី Miss Washington Teen នៅសហរដ្ឋអាមេរិកដែលនឹងចាប់ផ្តើមនាងពេលខាងមុខឆាប់ៗនេះផងដែរ។ ប៉ុន្តែគួរឱ្យស្តាយដែលពេលនេះអ្វីៗត្រូវបានបញ្ចប់ទៅទាំងមិននឹកស្មានដល់ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើន នាំគ្នាចូលរួមរំលែកទុក្ខតារាស្រីរូបនេះយ៉ាងស្តាយស្រណោះជាពន់ពេក។
ដោយឡែក យោងតាមប្រភពសារព័ត៌មាន The Sun បានចុះផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ ប៉ូលិសបានបញ្ជាក់ឱ្យដឹងថា ស ពរបស់ Kailia Posey ត្រូវបានរកឃើញនៅ Birch Bay State Park កាលពីថ្ងៃចន្ទ វេលាម៉ោង១:២០នាទីរសៀល(ម៉ោងនៅវ៉ាស៊ីងតុន) ប៉ូលិសបានឱ្យដឹងបន្ថែមថា គិតតាមចម្ងាយពីផ្ទះរបស់ Kailia Posey ទៅ Birch Bay State Park ឆ្ងាយពីគ្នាដែលត្រូវចំណាយពេលកន្លះម៉ោងក្នុងការធ្វើដំណើរ។
យ៉ាងណាមិញ ករណីស្លា ប់របស់ Kailia Posey នៅមានចំនុចសង្ស័យជាច្រើនដែលពេលនេះប៉ូលិសកំពុងធ្វើការស៊ើបអង្កេត៕