ភ្នំពេញ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអំពាវនាវដល់សាធារណជន ជាពិសេសម្ចាស់និងអ្នកកាន់កាប់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលពុំទាន់ចូលមកបង់ពន្ធអាករ ឱ្យរួសរាន់ចូលមកបំពេញកាតព្វកិច្ចពន្ធអាករនាំចូលឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
លោកបន្តថា ក្រោយថ្ងៃឱសានវាទនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងអនុវត្តវិធានការបង្ក្រាបរថយន្តគ្មានពន្ធនិងអាការយ៉ាងតឹងរឹង និងសកម្មនៅទូទាំងប្រទេស ដោយគ្មានការពន្យារពេលឡើយ។ បន្ទាប់ពីបង្ក្រាបបាន រថយន្តចង្កូតឆ្វេងតម្រូវឱ្យបង់ពន្ធនិងអាករ និងពិន័យផ្សេងៗ តាមបទប្បញ្ញត្តិជាធរមាន ដោយគ្មានការអនុគ្រោះ ហើយរថយន្តចង្កូតស្តាំជាកម្មវត្ថុនៃការដោះបំបែកជាគ្រឿងបន្លាស់ ឬកម្ទេចចោល ស្របតាមខ្លឹមសារសេចក្តីជូនដំណឹងលេខ ៤៨២ សជណ.ហធ។
លោករដ្ឋមន្ត្រីប្រតិភូ បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានដោយផ្ទាល់និងតាមប្រព័ន្ធវីដេអូអនឡាញ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស លើកទី៥ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
គិតចាប់ពីថ្ងៃបើកយុទ្ធនាការនាដើមខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នេះ មានរថយន្តចំនួន ៦.៩២២ គ្រឿង (ចង្កូតឆ្វេងចំនួន ២.៣៣២ គ្រឿង, ចង្កូតស្ដាំបានកែចង្កូតទៅឆ្វេងរួចចំនួន ២.៣៥៨គ្រឿង និងរថយន្តចង្កូតស្ដាំនៅសល់រង់ចាំកែចង្កូតទៅឆ្វេងចំនួន ២.២៣២គ្រឿង) ត្រូវបានម្ចាស់នាំយកមកបំពេញកាតព្វកិច្ចពន្ធនិងអាកររួចហើយ។ គិតជាប្រាក់ពន្ធនិងអាករ (រួមទាំងប្រាក់កក់) ដែលប្រមូលបានមានចំនួនសរុបប្រមាណ ៥៩,៣៧ លានដុល្លារអាមេរិក៕