ហុងកុង៖ កន្លងទៅជិត១ខែហើយដែលប្អូនប្រុសរបស់អតីតតារាសម្តែងហុងកុង Esther Kwan បានស្លា ប់ដោយសារគ្រោះថ្នាក់រអិលធ្លាក់ពីលើភ្នំកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ធ្វើឱ្យ Esther ពិបាកនឹងទទួលយកជាខ្លាំងត្បិតហេតុការណ៍មួយនេះកើតឡើងភ្លាមៗពេក។
ខណៈពេលដែលប្អូនប្រុសរបស់ Esther ជួបគ្រោះថ្នាក់រហូតបាត់បង់ជីវិតនោះ ស្វាមីរបស់នាងគឺលោក Nick Cheung ដែលជាប់បំពេញការងារនៅប្រទេសចិន បានចាកចេញពីទីនោះភ្លាមៗ ថែមទាំងទាក់ទងមិត្តភក្តិឱ្យខលទៅភរិយាលោកជារឿយៗ ដើម្បីជួយសម្រួលអារម្មណ៍នាងពេលនោះ។ គួររំឭកថា ប្អូនប្រុសរបស់អតីតតារាស្រីរូបនេះ បានរអិលធ្លាក់ពីលើភ្នំកម្ពស់ ៣០ម៉ែត្រ ដោយភ្លាមៗត្រូវបានឧទ្ធម្ភាគចក្របញ្ជូនចុះទៅកាន់មន្ទីរពេទ្យ ប៉ុន្តែគួរឱ្យស្តាយដែលមិនអាចជួយសង្គ្រោះបាន។
គួរបញ្ជាក់ដែរថា កន្លងទៅជិត១ខែហើយ ទើបកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ អតីតតារាសម្តែងស្រី Esther បានបង្ហាញខ្លួនសាជាថ្មីដោយមានអ្នកសារព័ត៌មានជាច្រើនចាំយកបទសម្ភាស ប៉ុន្តែត្រូវបាននាងគេចមិនទទួលសម្ភាសអ្វីទាំងអស់។ ទោះជាយ៉ាងណា តាមរូបថតដែលសារព័ត៌មានផ្តិតជាប់បានបង្ហាញឱ្យឃើញថា Esther ស្ថិតក្នុងសភាពស្គមស្គាំង និងមើលទៅទន់ខ្សោយខ្លាំងដោយពេលនេះនាង មិនទាន់អាចធ្វើចិត្តបាននៅឡើយ៕