ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយថា មនុស្សសរុបចំនួន ៥៣ នាក់បានស្លាប់ និង ១០នាក់ទៀត ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីការបាក់រលំអគារ កាលពីសប្តាហ៍មុន នៅកណ្តាលប្រទេសចិន។
អាជ្ញាធរបាននិយាយនៅថ្ងៃសុក្រ ទី៦ ខែឧសភានេះ ថា ការស្វែងរកបានបិទបញ្ចប់។ អ្នកនៅរស់រានមានជីវិតចុងក្រោយ ត្រូវបានទាញចេញភ្លាមៗ កាលពីពាក់កណ្តាលអធ្រាត្រ នៅថ្ងៃព្រហស្បតិ៍ ពោលគឺ ៥ថ្ងៃកន្លះ បន្ទាប់ពីអគារលំនៅឋាន និងពាណិជ្ជកម្ម នៅក្នុងទីក្រុង Changsha នេះបានបាក់រលំ កាលពីថ្ងៃទី២៩ ខែមេសា។ អ្នកនៅរស់ទាំងអស់ ត្រូវបានបញ្ជាក់ថា មានស្ថានភាពល្អប្រសើរ បន្ទាប់ពីបានព្យាបាលនៅមន្ទីរពេទ្យ។
យ៉ាងហោចណាស់មនុស្សចំនួន ៩នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងសំណង់អគារ។ អ្នកដែលត្រូវបានចាប់ខ្លួននោះ រួមមានម្ចាស់អគារ, អ្នកទទួលបន្ទុករចនា និងសំណង់ ៣នាក់ និង ៥នាក់ទៀត ជាមន្ត្រីអនុញ្ញាតឱ្យសាងសង់អគារ ។
ការកើនឡើងនៃចំនួនការដួលរលំអគារក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានជំរុញឱ្យប្រធានាធិបតីចិន Xi Jinping អំពាវនាវឱ្យមានការត្រួតពិនិត្យបន្ថែមដើម្បីបង្ហាញពីភាពទន់ខ្សោយនៃការសាងសង់៕