តៃវ៉ាន់៖ សុខៗ អ្នកនិយមលេងបណ្តាញសង្គមចិន Weibo នាំគ្នាឆោឡោចំពោះពាក្យចចាមអារ៉ាមដែលថា ស្វាមីរបស់តារាចម្រៀង Rainie Yang កំពុងមានជនទី៣ និងកំពុងដាក់ពាក្យលែងលះជាមួយតារាស្រីវ័យ ៣៧ឆ្នាំរូបនេះផងដែរ។
បើទោះបីជាអ្នកទាំង២មិនតបតអ្វីក៏ពិតមែន ប៉ុន្តែពាក្យចចាមអារ៉ាមមួយនេះហាក់មិនស្ងប់ស្ងាត់រហូតធ្វើឱ្យលោក Ronghao រអ៊ូរទាំ និងមិនសប្បាយចិត្តចំពោះពាក្យចចាមអារ៉ាមទាំងនេះឡើយ។ ឃើញស្វាមីមិនសប្បាយចិត្តបែបនេះ Rainie ក៏បានចែករំលែកពាក្យពេចន៍បែបនេះថា “កុំខឹង! កុំខឹង! វាមិនមែនជាការពិតទាំងស្រុង ហើយក៏គ្មានអ្នកណាជឿដែរ”។
គួរបញ្ជាក់ដែរថា ពាក្យមួយឃ្លានេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នាសរសើរតារាស្រីរូបនេះថា នាងពិតជាភរិយាដែលមានទំនុកចិត្តលើស្វាមី និងលើកទឹកចិត្តស្វាមីពេលកំពុងមិនសប្បាយចិត្ត ដែលកម្ររកបានមែន។ យ៉ាងណាមិញ បន្ទាប់ពីរៀបការជាមួយគ្នាអស់រយៈពេល ៣ឆ្នាំមកនេះ តារាប្រុសស្រីទាំង២ហាក់មានសុភមង្គលជាមួយអាពាហ៍ពិពាហ៍របស់ពួកគេជាខ្លាំងផងដែរ៕