គុយបា៖ ក្រុមជួយសង្គ្រោះនៃប្រទេសគុយបា កំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្រោមគំនរបាក់បែក នៃសណ្ឋាគារដ៏ល្បីឈ្មោះ Saratoga បន្ទាប់ពីការផ្ទុះមួយ ដោយមានអ្នកស្លាប់យ៉ាងហោចណាស់ ២៧នាក់។
សាច់ញាតិនៃអ្នកបាត់ខ្លួន នៅក្នុងរដ្ឋធានីរបស់ប្រទេសគុយបា បានស្វែងរកជនរងគ្រោះ នៅសណ្ឋាគារដ៏ប្រណីតបំផុតមួយក្នុងទីក្រុង Havana ។ អ្នកជួយសង្គ្រោះបានប្រើសត្វឆ្កែ ដើម្បីស្វែងរកអ្នករស់រានមានជីវិត។
ការលេចធ្លាយឧស្ម័នធម្មជាតិ អាចជាមូលហេតុនៃការផ្ទុះ កាលពីថ្ងៃសុក្រ ទី៦ ខែឧសភា នៅសណ្ឋាគារដែលមានជិត១០០បន្ទប់។ សំណង់អគារនេះ មានអាយុកាលជាង២សតវត្សរ៍ នៅក្នុងសង្កាត់ Old Havana ត្រូវបានជួសជុល មុនការបើកឡើងវិញ បន្ទាប់ពីត្រូវបានបិទអស់រយៈពេល ២ឆ្នាំក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩។
មន្ត្រីសុខាភិបាល បានបញ្ជាក់កាលពីថ្ងៃសៅរ៍ ទី៧ ខែឧសភាថា អ្នកស្លាប់ដល់ទៅ ២៧នាក់ និងមនុស្សចំនួន ៨១នាក់បានរងរបួស។ ក្នុងនោះ អ្នកស្លាប់មានកុមារ ៤នាក់ និងស្ត្រីមានផ្ទៃពោះម្នាក់។
មូលហេតុនៃការផ្ទុះនៅតែស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ប៉ុន្តែរថយន្តស្ទូចដ៏ធំមួយ បានលើកធុងហ្គាសដែលឆេះចេញពីគំនរបាក់បែករបស់សណ្ឋាគារកាលពីព្រឹកថ្ងៃសៅរ៍៕
(ទស្សនាវីដេអូ)