ហុងកុង៖ ជាតួឯកប្រុសដែលពោរពេញដោយសមត្ថភាពសិល្បៈខ្ពស់ Louis Koo ដែលអ្នកគាំទ្រភាគច្រើន បានស្គាល់លោកតាមរយៈការសម្តែងតួអង្គ យ៉ាងកួ ក្នុងរឿង “អ្នកក្លាហានឥន្ទ្រីទេព” ជំនាន់ឆ្នាំ១៩៩៥ បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់តារាប្រុសវ័យ ៥២ឆ្នាំរូបនេះ កាន់តែទទួលបានប្រជាប្រិយភាព ចាប់ពីពេលនោះ បន្ទាប់ពីបានចូលសិល្បៈក្នុងឆ្នាំ១៩៩៣។
រយៈពេលដែល Louis Koo ខំសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈអស់ជិត៣ទសវត្សរ៍មកនេះ មិនត្រឹមតែធ្វើឱ្យកេរ្តិ៍ឈ្មោះល្បីសុះសាយប៉ុណ្ណោះទេ សូម្បីតែទ្រព្យសម្បត្តិ ក៏ចាយមិនអស់ដែរ បើទោះជាមួយចំណែកដែលរកបាន Louis បានចំណាយលើការជួយក្មេងកំព្រា ក៏ដូចជាជួយសាងសង់សាលារៀនជាច្រើនកន្លែងយ៉ាងណាក៏ដោយ។
យ៉ាងណាមិញ ទ្រព្យសម្បត្តិចាយមិនអស់ក៏ពិតមែន ប៉ុន្តែអ្វីដែល Louis នៅខ្វះខាតក្នុងជីវិតនោះគឺប្រពន្ធកូន ត្បិតមកទល់ពេលនេះលោកនៅជាមួយឪពុកម្តាយ មិនខ្វល់ខ្វាយរឿងមានដៃគូជីវិតអ្វីឡើយ។ Louis បានប្រាប់ឱ្យដឹងថា៖ “ទោះជាខ្ញុំមានអាយុច្រើនក៏ពិតមែន តែខ្ញុំរស់នៅជាមួយឪពុកម្តាយនៅឡើយ ហើយម្តាយខ្ញុំជាមនុស្សតែម្នាក់ដែលដាស់ខ្ញុំរាល់ថ្ងៃ។ ខ្ញុំចង់រស់នៅជាមួយគ្រួសារដោយសារខ្ញុំយល់ថា រឿងដែលសំខាន់បំផុតគឺការគាំទ្រពីគ្រួសារ”។
គួរបញ្ជាក់ដែរថា ចាប់តាំងពីចែកផ្លូវគ្នាជាមួយនឹងអតីតមិត្តស្រីជាតារាសម្តែង Huang Jiying ដែលទាក់ទងគ្នា ៧ឆ្នាំមក តារាប្រុសរូបនេះ ក៏លែងឃើញមានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកណាទៀតមកទល់ពេលនេះ។ ទោះជាយ៉ាងណា ថ្មីៗនេះបានធ្លាយព័ត៌មានថា រវាង Louis និង Jiying បានរៀបការជាមួយគ្នាស្ងាត់ៗកាលពីចុងឆ្នាំ ២០២១កន្លងទៅ និងមានកូនប្រុសអាយុ១០ឆ្នាំម្នាក់ ប៉ុន្តែអ្នកទាំង២ សម្រេចចិត្តលែងលះគ្នាវិញកាលពី ៨ខែមុន។ នេះបើយោងតាមអ្នកសារព័ត៌មានល្បីឈ្មោះម្នាក់នៅហុងកុងបញ្ជាក់ឱ្យដឹង៕