
លោក John Lee អតីតស្នងការប៉ូលិសហុងកុង ត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំថ្មីរបស់ទីក្រុងហុងកុង បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ១.៤១៦សំឡេង នៅក្នុងការប្រកួតប្រជែងបោះឆ្នោតដែលមានបេក្ខជនតែម្នាក់គត់ ហើយអ្នកបោះឆ្នោត គឺជាសមាជិកនៃគណៈកម្មាធិការបោះឆ្នោតរបស់ទីក្រុងហុងកុង។ សន្លឹកឆ្នោត មាន២ជម្រើសគឺ “គាំទ្រ” ឬ “មិនគាំទ្រ”។

លោក John Lee នឹងចូលកាន់តំណែងជាមេដឹកនាំហុងកុងនៅថ្ងៃទី១ ខែកក្កដា និងបម្រើការក្នុងរយៈពេល ៥ឆ្នាំ។
ប្រជាជនហុងកុង មិនអាចជ្រើសរើសមេដឹកនាំរបស់ពួកគេដោយការបោះឆ្នោតនោះទេ។ ផ្ទុយទៅវិញ មេដឹកនាំរបស់ពួកគេ ត្រូវបានជ្រើសរើស ដោយគណៈកម្មាធិការដែលបង្កើតឡើងដោយអ្នកតំណាងនៃវិស័យផ្សេងៗគ្នា រួមទាំងអ្នកនយោបាយ និងសមាជិកនៃសហគមន៍ធុរកិច្ច។
ប្រធានគណៈកម្មការកិច្ចការបោះឆ្នោត លោក Barnabas Fung បាននិយាយថា សមាជិក ១.៤២៨នាក់នៃគណៈកម្មាធិការរៀបចំការបោះឆ្នោត បានទៅបោះឆ្នោត ដែលតំណាងឱ្យអត្រាអ្នកទៅបោះឆ្នោត ៩៧,៧៤ភាគរយ។ លោក Lee បានទទួលសំឡេង “មិនគាំទ្រ” តែ ៨ សំឡេងប៉ុណ្ណោះ និងអ្នកមិនគូស មាន ៤ នាក់។
លោក Lee ទទួលបានសំឡេងគាំទ្រច្រើនលើសលោកស្រី Carrie Lam ដែលទទួលបាន ៧៧៧សំឡេង ក្នុងឆ្នាំ២០១៧ និង លោក Leung Chun-ying ដែលទទួលបាន ៦៨៩ ក្នុងឆ្នាំ ២០១២ ដែលត្រូវបានជ្រើសរើសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតតូចដែលមានសមាជិកប្រហែល ១.២០០នាក់។
រឿង៧យ៉ាងដែលអ្នកគួរដឹងពីលោក John Lee ៖
១. លោក Lee បានចូលបម្រើការងារក្នុងកងកម្លាំងប៉ូលីសហុងកុង នៅពេលគាត់មានអាយុ ១៩ឆ្នាំ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។ គាត់បានឡើងតំណែងជាស្នងការរងក្នុងឆ្នាំ២០១០។ នៅឆ្នាំ២០១២ គាត់បានចូលបម្រើការងារក្នុងរដ្ឋាភិបាលជាលេខាទី១ ទទួលបន្ទុកសន្តិសុខ បន្ទាប់មកធ្វើជាស្នងការពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ និងជាប្រធានលេខាធិការពីឆ្នាំ២០២១ ដល់ខែមេសា។

២. គាត់មកពីប្រវត្តិគ្រួសារទាប ដោយធំឡើងក្នុងគ្រួសារដ៏លំបាកមួយ ដែលតស៊ូរហូតបានសិក្សានៅមហាវិទ្យាល័យ Kowloon ។ លោកកាន់សាសនា កាតូលីក។
៣. លោកបានសន្យាថា នឹងឱ្យប្រជាពលរដ្ឋផ្លាស់ទីលំនៅទៅលំនៅឋានសាធារណៈថ្មី មុនពេលហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ទាំងអស់ ត្រូវបានបញ្ចប់។

៤. ក្នុងនាមជាស្នងការប៉ូលិសក្នុងឆ្នាំ២០១៩ លោក Lee បានជំរុញច្បាប់ដ៏ចម្រូងចម្រាសដែលនឹងអនុញ្ញាតឱ្យធ្វើបត្យាប័នអ្នករស់នៅហុងកុងទៅកាន់ចិនដីគោក។ លោក Lee ថា នឹងផ្តល់ឱ្យយុវជនដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលបាតុកម្មឆ្នាំ២០១៩ នូវឱកាសទីពីរ ដើម្បីចូលប្រឡូកក្នុងសង្គមឡើងវិញ និងរួមចំណែកដល់សង្គម។

៥. លោកត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២០ សម្រាប់ការបំផ្លាញស្វ័យភាពរបស់ហុងកុង និងរឹតបន្តឹងសេរីភាពនៃការបញ្ចេញមតិ ឬការជួបប្រជុំរបស់ប្រជាជនហុងកុង។
៦. មនុស្សជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដាក់រហ្សនាមលោក Lee ថា Pikachu នៃរឿងតុក្កតា Pokémon ព្រោះវាស្តាប់ទៅស្រដៀងនឹងឈ្មោះចិនកាតាំងរបស់គាត់ គឺ Lee Ka-chiu ។

៧. ប្រជាជនហុងកុងមួយចំនួន តែងតែតាមដានលើសមត្ថភាពភាសាចិនរបស់លោក Lee ហើយស្នើឱ្យប្រើឃ្លាដែលងាយយល់៕

