ភ្នំពេញ៖ ខណៈពេលដែលទើបប្រកាសលែងលះគ្នាជាមួយស្វាមីមិនបានប៉ុន្មានផង ផេនខេក បែរជាផ្ទុះរឿងម្ចាស់បំណុលបកអាក្រាតរឿងខ្ចីលុយមិនព្រមសង ធ្វើឱ្យបញ្ហាចម្រូងចម្រាសជាច្រើនបានកើតឡើងផ្អើលបណ្តាញសង្គមហ្វេសប៊ុកសាជាថ្មី។
ម្ចាស់បំណុលនៅតែអះអាងថា តារាភេទទី៣ ផេនខេក មិនមែនគេចវេសទេ ប៉ុន្តែគឺមានចេតនាមិនព្រមសងតែម្តងទើបធ្វើឱ្យរូបគេដាច់ចិត្តបកអាក្រាតតាមបណ្តាញសង្គមបែបនេះ។ យ៉ាងណាមិញ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ ផេនខេក បាន Live ធ្វើការបកស្រាយថា រាល់ថ្ងៃនេះខ្លួនខំប្រឹងធ្វើការមិនហ៊ានសម្រាកឡើយ ដើម្បីបានប្រាក់កម្រៃយកទៅដោះបំណុល ដូចនេះសុំចិត្តម្ចាស់បំណុលតែម្យ៉ាងប៉ុណ្ណោះ គឺទុកពេលវេលា។
ផេនខេក បានឱ្យដឹងបន្ថែមថា ដំបូងឡើយ ខ្លួនជំពាក់គេតែ ១៦០០០ដុល្លារប៉ុណ្ណោះដើម្បីយកដើមទុនរកស៊ីបង្កើតយីហោផ្ទាល់ខ្លួន ប៉ុន្តែលទ្ធផលចុងក្រោយបែរជាផ្ទុះកូវីដ ធ្វើឱ្យការរកចំណូលរបស់នាងធ្លាក់ចុះទាំងស្រុង បូករួមជាមួយការប្រាក់ថ្លៃផងនោះទើបឱ្យបំណុល ១៦០០០ដុល្លារកើនឡើងដល់ ១៥ម៉ឺនដុល្លារក្នុងរយៈពេល ២ឆ្នាំមកនេះ។
ទោះជាយ៉ាងណា ផេនខេក នៅតែអះអាងថា នាងមិនត្រូវការជំនួយពីបងប្អូនឡើយ សុំត្រឹមការផ្តល់កម្លាំងចិត្តពីអ្នកទាំងអស់គ្នាគឺគ្រប់គ្រាន់ហើយ បើទោះជាមានអ្នកគាំទ្រមួយចំនួនចង់ជួយយ៉ាងណាក៏ ផេនខេក បដិសេធដែរ។ គួរបញ្ជាក់ដែរថា មកទល់ពេលនេះសូម្បីតែម្ចាស់ផ្ទះជួលក៏បានដេញនាងចេញដែរ ហើយបច្ចុប្បន្ននាងបានរស់នៅជាមួយមិត្តភក្តិបណ្តោះអាសន្ន៕
(ទស្សនាវីដេអូ)