×

តិចនិក​ញ៉ាំបាយស កាត់បន្ថយ​ហានិភ័យ​កើត​ជំងឺទឹកនោមផ្អែម

បាយមានសន្ទស្សន៍ជាតិស្ករខ្ពស់ និងងាយរំលាយដែលធ្វើឱ្យជាតិស្ករក្នុងឈាមឡើងលឿន។ ការញុំាបាយច្រើនអាចបណ្តាលឱ្យយើងមានហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ ២ ប៉ុន្តែបាយជាអាហារថាមពលដែលយើងមិនអាចចោលបាន ព្រោះការហូបបាយធ្វើឱ្យយើងនឹងពោះ និងឆ្អែតបានយូរ។ អ៊ឹងចឹងយើងគួរញុំាបាយបែបណាដើម្បីការពារហានិភ័យកើតទឹកនោមផ្អែម?

ដោយសារតែបាយដែលយើងញុំារាល់ថ្ងៃភាគច្រើនជាបាយពីអង្ករសម្រិតដែលត្រូវបានកិន និងកែច្នៃឱ្យទៅជាស ដែលបណ្តាលឱ្យវីតាមីន សារធាតុរ៉ែ និងជាតិសរសៃភាគច្រើនបាត់បង់ ដូច្នេះបាយសរំលាយ និងបំប្លែងទៅជាជាតិស្ករក្នុងឈាមលឿន។
ដើម្បីកាត់បន្ថយហានិភ័យក្នុងការកើតជំងឺទឹកនោមផ្អែម អ្នកជំនាញបានណែនាំឱ្យញុំាបាយដូចខាងក្រោម៖

១. ញុំាបាយលាយសណ្តែក
បណ្ឌិត Dan Ramdath អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Guelph និងជាសាស្ត្រាចារ្យផ្នែកអាហារូបត្ថម្ភនៅសាកលវិទ្យាល័យ Guelph និង Saskatchewan ក្នុងប្រទេសកាណាដាបានលើកឡើងថា យើងអាចហូបបាយលាយសណ្តែក ដោយលាយបាយពាក់កណ្តាល សណ្តែកពាក់កណ្តាល។ ការហូបបែបនេះអាចជួយយើងកាត់បន្ថយការហូបបាយបានពាក់កណ្តាល និងជួយមិនឱ្យជាតិស្ករក្នុងឈាមឡើង។
សណ្តែកហោឡាំងតៅ សណ្តែកក្រហម សណ្តែកបាយ ឬសណ្តែកខ្មៅ មានជាតិសរសៃខ្ពស់ និងមានជាតិម្សៅ ដែលអាចកាត់បន្ថយល្បឿនរំលាយអាហារ និងល្បឿនបំប្លែងទៅជាជាតិស្ករក្នុងឈាម។
លើសពីនេះទីទៀត សណ្តែកមានមានសារធាតុចិញ្ចឹមសំខាន់ៗដូចជា ម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យូម ស័ង្កសី ជាតិដែក វិតាមីន B កំផ្លេច ក៏ដូចជាសមាសធាតុដែលអាចរារាំងសមត្ថភាពរបស់ឈាមក្នុងការស្រូបយកជាតិស្ករ។

២. ញុំាបាយអង្ករសម្រូប
យោងតាមការសិក្សារបស់លោកវេជ្ជបណ្ឌិត Qi Sun អ្នកស្រាវជ្រាវផ្នែកអាហារូបត្ថម្ភនៅ Harvard School of Public Health ក្នុងទីក្រុង Boston រដ្ឋ Massachusetts បានឱ្យដឹងថា អ្នកដែលញុំាបាយពីអង្ករសម្រូបយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍អាចកាត់បន្ថយហានិភ័យកើតទឹកនោមផ្អែមប្រភេទ ២ បាន ១១%។ អ្នកដែលញុំាបាយស ៥ ដង ឬច្រើនជាង ៥ ដងក្នុង ១ សប្តាហ៍មានហានិភ័យក្នុងការកើតទឹកនោមផ្អែមប្រភេទ ២ ដល់ទៅ ១៧%។
អង្ករសម្រូបមានវីតាមីន សារធាតុរ៉ែ និងជាតិសរសៃច្រើនជាងអង្ករសម្រិត។ បាយអង្ករសម្រូបត្រូវបានបំបែកទៅជាគ្លុយកូស (ជាតិស្ករក្នុងឈាម) យឺតៗ ព្រោះជាតិសរសៃនៅក្នុងអង្ករសម្រូបជួយបន្ថយល្បឿននៃជាតិស្ករជ្រាបចូលទៅក្នុងចរន្តឈាម។
បាយសម្រូបរឹងអាចធ្វើឱ្យយើងពិបាកញុំា ដូច្នេះយើងអាចលាយអង្ករសម្រូបពាក់កណ្តាល អង្ករសម្រិតពាក់កណ្តាលដើម្បីឱ្យបាយទន់បន្តិច។ ចំណែកអ្នកមានបញ្ហារលាកសន្លាក់ហ្គោដ (ដោយសារលើសជាតិអាស៊ីដអ៊ុយរិក) ឬតម្រងនោមមិនអាចញុំាសណ្តែកច្រើនទេ ព្រោះនឹងធ្វើឱ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ ដោយសារសណ្តែកមានផ្ទុកសារធាតុ purine ដែលរាងកាយយើងបំប្លែងទៅជាអាស៊ីដអ៊ុយរិក៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង