ក្រុមកាំភ្លើងធំ Arsenal កំពុងព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធ Raheem Sterling របស់ Manchester City នៅក្នុងទីផ្សារដោះដូរកីឡាករនាចុងបញ្ចប់នៃរដូវកាលនេះ ខណៈគេ កំពុងឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យាជាមួយក្លិបនៅកីឡដ្ឋាន Etihad ។
Arsenal កំពុងស្វែងរកជម្រើសបន្ថែម និងពង្រឹងប្រព័ន្ធប្រយុទ្ធរបស់ពួកគេ នៅមុនរដូវកាលក្រោយ ២០២២-២៣ ខណៈពួកគេអាចនឹងឈានទៅលេងនៅក្នុងពានរង្វាន់ UEFA Champions League នៅឆ្នាំក្រោយ។
យោងតាមសារព័ត៌មាន Telegraph ការចុះកិច្ចសន្យាថ្មីរបស់អ្នកចាត់ការ Mikel Arteta កាលពីប៉ុន្មានថ្ងៃកន្លងទៅ មានន័យថា ផែនការអាចចាប់ផ្តើមនៅ Arsenal សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ។
Arteta ធ្លាប់ធ្វើការជាមួយ Sterling ខណៈពេលលោក នៅជាជំនួយការរបស់អ្នកចាត់ការ Pep Guardiola របស់ Man City ។ ការពង្រឹងផ្នែកប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ ធ្វើឡើងបន្ទាប់ពីខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានចាកចេញពីក្លិបកាលពីដើមឆ្នាំ ហើយខ្សែប្រយុទ្ធ Alexandre Lacazette ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លិបនៅពេលដែលកិច្ចសន្យារបស់គេ ផុតសុពលភាពនៅចុងរដូវកាលនេះ។
ថ្មីៗនេះ Sterling រកបានពីរគ្រាប់ក្នុងជ័យជម្នះ ៥-០ របស់ Man City លើក្រុម Newcastle United ។
កីឡាករ Manchester City ម្នាក់ទៀតដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Arsenal ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះគឺ Gabriel Jesus ដោយមានរបាយការណ៍នៅក្នុងប្រទេសអង់គ្លេសបញ្ជាក់ថា ការឯកភាពគ្នារវាងកីឡាករ និងក្រុមកាំភ្លើងធំ បានកើតឡើងរួចហើយ។ ទោះជាយ៉ាងណា Arsenal មិនទាន់ទាក់ទងទៅ Man City អំពីលទ្ធភាពនៃការចុះហត្ថលេខាលើ Jesus ឬ Sterling នៅឡើយទេ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕