ចិន៖ Chi Zhongrui ដែលមហាជនជាច្រើនបានស្គាល់ហើយថា អតីតតារាសម្តែងរូបនេះត្រូវបានអ្នកគាំទ្រជាច្រើនស្គាល់តាមរយៈការសម្តែងរឿងភាគ “ដំណើរឆ្ពោះទៅភាគខាងលិច” ដែលលោកដើរតួជាលោកគ្រូថាំងចេង គ្រប់គ្រងសិស្សចម្លែក៣នាក់ធ្វើដំណើរចម្លងធម៌ជាមួយផ្លូវដ៏វែងឆ្ងាយ។
យ៉ាងណាមិញ ប្រលូកក្នុងសិល្បៈមិនទាន់បានប៉ុន្មានផង Chi Zhongrui បានចាកឆ្ងាយពីសិល្បៈដោយបានរៀបការជាមួយសេដ្ឋីនីអចលនទ្រព្យដែលមានទ្រព្យសម្បត្តិមហាសាល និងមានឥទ្ធិពលម្នាក់រស់នៅយ៉ាងមានសុភមង្គល។
តាមប្រភពព័ត៌មានក្នុងស្រុកធ្លាប់បានចុះផ្សាយឱ្យដឹងថា Chi Zhongrui បានលាឈប់ពីសិល្បៈដើម្បីជួយភរិយាគ្រប់គ្រងមុខជំនួញក្នុងដៃ ទោះជាយ៉ាងណាលោកធ្លាប់ត្រូវបានមនុស្សជាច្រើនរិះគន់ថា ឱ្យប្រពន្ធចិញ្ចឹម។
រហូតមកដល់ពេលថ្មីៗនេះ អតីតតារាសម្តែងរូបនេះបានលក់ទំនិញតាមអនឡាញដែលជាមុខរបរដ៏ពេញនិយមមួយនៅប្រទេសចិន ប៉ុន្តែជាក់ស្តែងបែរទទួលរងពាក្យរិះគន់ពីមនុស្សមួយចំនួនទៅវិញដោយពួកគេបានសរសេរក្នុងខមមិនថាឱ្យលោកចំៗថា “សាញថាប្រពន្ធឱ្យប្រាក់ចាយមិនគ្រប់មែនទេ បានជាមកលក់អនឡាញបែបនេះ”?
រីឯមតិមួយចំនួនទៀតបាននិយាយថា “ចាយលុយប្រពន្ធមកជាយូរហើយ ឥលូវទើបនឹកឃើញចង់រកប្រាក់សងគាត់វិញពេលនេះមែនទេ”? គួរបញ្ជាក់ផងដែរថា ដោយសារមិនមានបទពិសោធន៍លក់អនឡាញទើប Chi Zhongrui មិនដឹងថាត្រូវឆ្លើយតបបែបណា ហើយលោកបានត្រឹមនិយាយផ្សព្វផ្សាយទំនិញដែលមានក្នុងដៃបន្តប៉ុណ្ណោះ ប៉ុន្តែចាប់ពីទទួលរងពាក្យវាយប្រហារបែបនេះរួច លែងឃើញ Chi Zhongrui Live លក់ឥវ៉ាន់ទៀតចាប់ពីពេលនោះមក៕