ថៃ៖ ប៉ូលីសនៅភាគឦសាននៃប្រទេសថៃ បានចាប់ខ្លួនបុរសម្នាក់ដែលរស់នៅក្នុងព្រៃតាំងខ្លួនជាអ្នកតា នៅក្នុងផ្ទះប្រក់ស្បូវ ក្នុងព្រៃយ៉ាងជ្រៅ ក្នុងខេត្ត Chaiyaphum ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីថៃ កាលពីថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។
ប៉ូលិសថៃ បានឆ្មក់ចូលផ្ទះប្រក់ស្បូវរបស់លោក Thawee Nanra អាយុ៧៥ឆ្នាំ កាលពីថ្ងៃអាទិត្យ។ ប៉ូលីសបាននិយាយថា ពួកគេបានរកឃើញសាកសពចំនួន១១ នៅក្នុងបរិវេណផ្ទះរបស់បុរសនោះ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអះអាងថា សពទាំងនោះ ប្រហែលជាអ្នកដែលជឿងប់ងល់។
អភិបាលខេត្ត Chaiyaphum បានមានប្រសាសន៍ថា ឈ្មោះ Thawee មានអ្នកជឿគាត់រាប់សិបនាក់។ ពួកគេ បានរកឃើញមឈូស ដែលមានដាក់សព នៅជុំវិញផ្ទះនោះ។ សេចក្តីរាយការណ៍ដែលអាជ្ញាធរទទួលបាន អ្នកជឿងប់ងល់ បាននាំគ្នាផឹកទឹកនោម និងទឹករំអិលរបស់បុរសនោះ ដើម្បីព្យាបាលជំងឺ។
អភិបាលខេត្តបន្តថា គាត់មានការភ្ញាក់ផ្អើលជាខ្លាំង ដែលបានរកឃើញការអនុវត្តបែបនេះ នៅតែកើតមានក្នុងសម័យទំនើបនេះ។ លោកអភិបាលថា៖ “វាគួរឱ្យព្រួយបារម្ភណាស់ ដែលមានមនុស្សជឿលើអបិយជំនឿបែបនេះ”។
ប្រជាជននៅប្រទេសថៃ នៅតែអនុវត្តជំនឿលើវិញ្ញាណ និងខ្មោចជាដើម។ អាជ្ញាធរជឿថា ក្រុមរបស់បុរសខាងលើនេះ បានបង្កើតជាង ៤ឆ្នាំមកហើយ ដោយគ្មាននរណាម្នាក់កត់សម្គាល់ឡើយ ព្រោះទីតាំងផ្ទះរបស់គាត់ ស្ថិតនៅក្នុងតំបន់ព្រៃដាច់ស្រយាល ឆ្ងាយពីសហគមន៍ផ្សេងទៀត។ ប៉ុន្តែភាពអនាមិករបស់ពួកគេ ត្រូវបានបើកកកាយ បន្ទាប់ពីកូនស្រីរបស់អ្នកជឿងប់ម្នាក់ បានបង្ហោះនៅលើបណ្តាញសង្គម។
Thawee ត្រូវបានចោទប្រកាន់ពីបទទន្ទ្រានដីព្រៃ និងបំពានច្បាប់គ្រប់គ្រងជំងឺដែលត្រូវបានអនុវត្តក្នុងរយៈពេល ២ឆ្នាំកន្លងមកដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គាត់ត្រូវបានបដិសេធនៅក្រៅឃុំកាលពីថ្ងៃចន្ទ។ ប៉ូលិសនិយាយថា ពួកគេកំពុងពិនិត្យមើលការចោទប្រកាន់ផ្សេងទៀត រួមទាំងបញ្ចុះសពដោយខុសច្បាប់៕
(ទស្សនាវីដេអូ)