×

កម្ពុជា-ស្រីលង្កា ចុះ MoU លើ​វិស័យទេសចរណ៍​ជាផ្លូវការ ជំរុញឱ្យ​មាន​ជើងហោះហើរត្រង់

ភ្នំពេញ៖ ជើងហោះហើរត្រង់ រវាងប្រទេសកម្ពុជា និងស្រីលង្កា អាចនឹងមាននៅពេលខាងមុខនេះ បន្ទាប់ពីភាគីទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍កម្ពុជា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ។

ការចុះអនុស្សរណៈនេះ ធ្វើឡើងរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ឆាមីនដា អ៉ី. ខូឡូនណេ (Chaminda I. Colonne) ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងជំរុញចលនាទេសចរពីគ្នាទៅវិញទៅមក។

លោករដ្ឋមន្ត្រី ថោង ខុន បានជំរុញឱ្យមានការហោះហើរត្រង់ កម្ពុជា-ស្រីលង្កា នាពេលខាងមុខ ឬជាលក្ខណៈ Charter Flight ខណៈពេលបច្ចុប្បន្នប្រទេសទាំងពីរ មិនទាន់ការហោះហើរត្រង់នៅឡើយទេ ពោលភ្ញៀវទេសចរ ត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសថៃ ឬម៉ាឡេស៊ី ឬសិង្ហបុរី ជាមុនសិន ទើបបន្តមកដល់កម្ពុជាតាមក្រោយ។

កម្ពុជា-ស្រីលង្កា ក៏បានឯកភាពរៀបចំព្រឹត្តិការណ៍ទេសចរណ៍ផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ដោយសារតែប្រទេសទាំងពីរកាន់ព្រះពុទ្ធសាសនាហិនយានដូចគ្នា។ កម្ពុជា ធ្លាប់មានបទពិសោធរួចហើយក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ពុទ្ធសាសនានេះ ដោយបានសហការជាមួយឥណ្ឌូណេស៊ី ឡាវ មីយ៉ាន់ម៉ា ថៃ ជាដើម រៀបចំព្រឹត្តិការណ៍កាលពីឆ្នាំ២០១១ នៅប្រាសាទអង្គរវត្ត។ ភាគីទាំងពីរ ក៏បានជំរុញឱ្យមា នការផ្លាស់ប្ដូរទស្សនកិច្ចរបស់ព្រះសង្ឃ គ្រឹះស្ថានឧត្តមសិក្សា ពុទ្ធសាសនបណ្ឌិត្យនៃប្រទេសកម្ពុជា និងស្រីលង្កាទៅវិញទៅមកនាពេលអនាគត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង