ការរំលាយអាហារគឺការបំបែកអាហារជាភាគល្អិតតូចៗងាយស្រួលដល់រាងកាយក្នុងការស្រូបយកសារធាតុចិញ្ចឹមផ្សេងៗពីអាហារ។ អាហារផ្សេងគ្នាត្រូវការបំបែកផ្សេងគ្នា ដោយអាហារមួយចំនួនគឺប្រើពេលលឿនក្នុងការរំលាយជាងអាហារផ្សេង។ ប៉ុន្តែការរំលាយអាហារគឺពឹងផ្អែកលើដំណើរការរបស់រាងកាយ ហើយក៏មានវិធីខ្លះៗដែលអាចពន្លឿនការរំលាយអាហារដែរ។
១. ការហាត់ប្រាណឱ្យបានទៀងទាត់
ការហាត់ប្រាណឱ្យបានទៀងទាត់គឺជួយដល់ចលនារបស់អាហារក្នុងប្រព័ន្ធរំលាយអាហារ។ នេះអាចពន្លឿនដល់ដំណើរការរំលាយអាហារ។ ម៉្យាងទៀត ការហាត់ប្រាណជួយបង្ការការទល់លាមក និងពន្លឿនការរំលាយអាហារដោយបន្ថយរយៈពេលដែលអាហារស្តុកក្នុងពោះវៀនធំដោយកំណត់បរិមាណជាតិទឹកស្រូបពីលាមកត្រលប់មកក្នុងខ្លួនវិញ។ ការធ្វើចលនាគឺជួយសម្រួលដល់ការកន្រ្ទាក់របស់សាច់ដុំនៅប្រព័ន្ធរំលាយអាហារដែលពន្លឿនការបំបែកអាហារ។
២. ការសម្រាក
ការគេងអាចឱ្យសរីរាង្គរំលាយអាហារមានពេលសម្រាក និងបង្កើនសមត្ថភាពក្នុងការរំលាយអាហារលឿន។ ដូចនេះការផ្លាស់ប្តូរការគេងអាចមានប្រយោជន៍ដល់ការរំលាយអាហារ។ យកល្អកុំគេងភ្លាមៗក្រោយពីញ៉ាំអាហាររួច គួរចាំពីពីរទៅបីម៉ោងដើម្បីទុកពេលគ្រប់គ្រាន់ក្នុងការរំលាយអាហារ។ យើងក៏គួរគេងបែរមកខាងឆ្វេង ព្រោះការសិក្សាបង្ហាញថាការគេងបែរទៅឆ្វេងជួយបង្កើនសមត្ថភាពក្នុងការរំលាយអាហារ។
៣. ការផឹកទឹក
ការផឹកទឹក ឬទឹកតែអំឡុងពេល ឬក្រោយអាហារជួយដល់ការរំលាយអាហារ។ ទឹកជួយរាងកាយបំបែកអាហារ និងជួយបំពេញជាតិទឹកដល់រាងកាយដែរ។ ការបំពេញជាតិទឹកដល់រាងកាយគឺសំខាន់ក្នុងការរក្សាកម្រិតនៃការផលិតទឹកមាត់ និងសារធាតុរាវក្នុងក្រពះ។ ទឹកក៏អាចជួយបន្ទន់លាមក និងជួយរាងកាយក្នុងការប្រើប្រាស់ជាតិកាកសរសៃដែលសារធាតុចាំបាច់សម្រាប់ការរំលាយអាហារ។
៤. ញ៉ាំអាហារមានជាតិសរសៃ
អាហារសំបូរដោយជាតិសរសៃជួយដល់ការរំលាយអាហារ។ ការញ៉ាំអាហារទាំងនេះអាចពន្លឿនការរំលាយអាហារដោយកាត់បន្ថយការទល់លាមក និងរក្សាសុខភាពពោះវៀន។ ជាតិកាកសរសៃស្រូបយកជាតិទឹកដោយបន្ថែមទម្ងន់ទៅលាមក។ ដូចនេះហើយការផឹកទឹកឱ្យគ្រប់គ្រាន់គឺសំខាន់ណាស់បើមិនដូច្នោះទេការទល់លាមកនឹងកើតឡើង។ ជាតិសរសៃនេះជួយបន្ថយខ្យល់ក្នុងពោះវៀន ការហើមពោះ និងការរាករូស។ អាហារមានជាតិកាកសរសៃ មានដូចជាផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិផ្សេងៗ។
៥. ញ៉ាំយ៉ាអួ
យ៉ាអួគឺជាប្រភពនៃ probiotic ហើយក៏សំខាន់ដល់ការរំលាយអាហារដែរ។ ផលប្រយោជន៍នៃយ៉ាអួទៅលើប្រព័ន្ធរំលាយអាហារគឺជួយដល់ការលូតលាស់នៃបាក់តេរីល្អក្នុងពោះវៀន បន្ថយរយៈពេលក្នុងការជាពីការឆ្លងមេរោគក៏ដូចជាការបន្ថយការឆ្លើយតបប្រព័ន្ធភាពស៊ាំទៅបណ្តុំរោគសញ្ញានៃជំងឺរលាកពោះវៀន (irritable bowel syndrome) និងពន្លឿនរយៈពេលដែលអាហារធ្វើដំណើរក្នុងពោះវៀនដែរ។
៦. ញ៉ាំខ្ញី
ខ្ញីអាចប្រើប្រាស់សម្រាប់ជំនួយដល់ប្រព័ន្ធរំលាយអាហារជាយូរណាស់មកហើយ។ គេជឿថាខ្ញីជួយប្រព័ន្ធរំលាយអាហារក្នុងការបញ្ចេញអង់ស៊ីមដែលបង្កើនប្រសិទ្ធភាព និងសម្រួលដល់ការរំលាយអាហារ។ ខ្ញីក៏បង្កើនការកន្ទ្រាក់នៃសាច់ដុំក្រពះ និងជួយបញ្ជូនអាហារទៅកាន់ពោះវៀនតូចលឿនជាងមុន៕
ប្រភព៖ Hellokrupet