កម្សាន្ត៖ “Saturday Night Live. Let’s Party!” គ្រាន់តែឮឈ្មោះ ក៏ដឹងដែរថា នេះគឺជាកម្មវិធីជប់លៀង ដែលនាំជូននូវអ្វីដែលប្លែកៗ សប្បាយៗ ដើម្បីបម្រើអារម្មណ៍ទស្សនិកជនបានទស្សនាកម្សាន្តនៅរាត្រីថ្ងៃចុងសប្តាហ៍នេះ។
ជាមួយនឹងវត្តមានសិល្បករល្បីៗជាច្រើនរូប ចូលរួមមកអង្រួនឆាកឱ្យកក្រើកផងនោះ ជឿថា ”Saturday Night Live. Let’s Party!” មួយនេះ នឹងមិនធ្វើឱ្យទស្សនិកជនខកបំណងឡើយ ព្រោះជាការប្រគំតន្ត្រី ដែលប្លែកពីការប្រគំតន្ត្រីធម្មតានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលោកអ្នក អាចទស្សនាការកម្សាន្តគ្រប់រសជាតិ នៅលើកញ្ចក់ទូរទស្សន៍ CTN នៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧យប់តទៅ។
អមកម្មវិធីដោយវគ្គនៃការដើរបង្ហាញម៉ូត កំប្លែង ការជជែកកម្សាន្តជាមួយតារា ក៏ដូចជាការរាំលេងសប្បាយជាមួយនឹងបទចម្រៀងដែលកំពុងពេញនិយមដោយមាន DJ ប្រុសស្រីល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជារង់ចាំ Mix ចម្រៀងដោយផ្ទាល់ផងនោះ “Saturday Night Live. Let’s Party!” នឹងផ្ដល់ចំណីចក្ខុ និងការកម្សាន្តដ៏ប្លែកដែលមានតែមួយគត់ក្នុងឆ្នាំ២០២២នេះ។
មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃសៅរ៍ ទី១៤ ខែឧសភា ដែលជាសប្ដាហ៍ដំបូងនេះ ក៏នៅមានក្រុមចម្រៀងរ៉ុកល្បីឈ្មោះ នឹងចូលមកផ្ដល់នូវរសជាតិនៃបទភ្លេងតាមចង្វាក់រ៉ុក សម្រាប់ទស្សនិកជនបានផ្លាស់ប្តូរអារម្មណ៍មួយបែបផ្សេងទៀតផងដែរ។
ធានាថា នៅពេលទស្សនាកម្មវិធីដែលមានគ្រប់រសជាតិនេះហើយ ទស្សនិកជន នឹងរំសាយអស់ទុក្ខកង្វល់និងភាពនឿយហត់ពីការងារតែម្ដង។ “Saturday Night Live. Let’s Party!” មានផ្សាយផ្ទាល់ជូនទស្សនានៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕
(ទស្សនាវីដេអូ)