វ៉ាស៊ីនតោន៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមព្រៀងគ្នាជាមួយនាយករដ្ឋមន្ត្រីវៀតណាមក្នុងការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នាឡើងវិញ និងបានណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរពិភាក្សាគ្នាឱ្យបានច្បាស់លាស់ជុំវិញលក្ខខណ្ឌនៃការធ្វើដំណើរនេះ។
ចំណុចនេះ ត្រូវបានលើកឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយប្រជាជនខ្មែរអាមេរិក និងខ្មែរកាណាដា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាព្រឹកព្រលឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា ខណៈនៅសហរដ្ឋអាមេរិក ចំពេលព្រលប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
សម្ដេចតេជោថែមទាំងបានណែនាំទៅកាន់រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ត្រូវពិភាក្សាអំពីលក្ខខណ្ឌឆ្លងកាត់ចេញចូលឱ្យបានច្បាស់លាស់ ពិសេសគឺត្រូវដឹងថាប្រសិនបើអ្នកដំណើរចេញពីកម្ពុជាចូលវៀតណាម តើខាងវៀតណាមតម្រូវលក្ខខណ្ឌអ្វីខ្លះ? តើត្រូវការតេស្ត PCR រយៈពេល៧២ម៉ោងមុនទេ? នៅពេលទៅដល់វៀតណាម តម្រូវឱ្យធ្វើចត្តាឡីស័កទេ? ប្រសិនបើធ្វើ តើធ្វើប៉ុន្មានថ្ងៃ? នៅពេលទៅដល់វៀតណាម តម្រូវឱ្យធ្វើតេស្តរហ័ស ឬតេស្ត PCR ដែរឬទេ? ដែលទាំងនេះជាចំណុចសំខាន់ចំពោះការបើកទេសចរណ៍ឡើងវិញ។
សម្ដេចតេជោបានបន្តទៀតថា ទោះបីលក្ខខណ្ឌខាងភាគីវៀតណាមតឹងរឹងដែលប្រជាជនកម្ពុជាមិនសូវចេញទៅវៀតណាម ប៉ុន្តែភ្ញៀវទេសចរខាងវៀតណាម នឹងចូលមកកម្ពុជាដែរ ហើយកម្ពុជានឹងទទួលបានភ្ញៀវទេសចរបរទេសបន្ថែមទៀត។
គួរជម្រាបថា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ កម្ពុជាក៏បានបើកច្រកព្រំដែនគោកជាមួយប្រទេសថៃឡើងវិញផងដែរ ដើម្បីសម្រួលឱ្យប្រជាជន និងភ្ញៀវទេសចរអាចធ្វើដំណើរឆ្លងកាត់ទៅមកបាន ដោយភ្ជាប់ជាមួយលក្ខខណ្ឌខ្លះៗដែលភាគីថៃតម្រូវឱ្យអនុវត្ត៕