ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ប្រភេទអូមីក្រុង នៅក្នុងរដ្ឋធានីព្យុងយ៉ាង ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនករណីនោះទេ។
សារព័ត៌មាន KCNA បានរាយការណ៍ថា វាគឺជា “ឧប្បត្តិហេតុអាសន្នដ៏ធំបំផុត” ហើយមេដឹកនាំ គីម ជុងអ៊ុន កំពុងនៅក្នុងកិច្ចពិភាក្សាបន្ទាន់ ដើម្បីរៀបចំការឆ្លើយតបនឹងស្ថានការណ៍នេះ។
កូរ៉េខាងជើង មិនបានរៀបចំកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួនទេ ដោយបានច្រានចោលការផ្តល់ជូនវ៉ាក់សាំង Sinovac ដែលផលិតដោយចិន និងវ៉ាក់សាំង AstraZeneca ពីប្រទេសដទៃ។
ប្រទេសនេះ មានគោលបំណងទប់ស្កាត់មេរោគនេះ ដោយការបិទព្រំដែនរបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតដែលនាំឱ្យមានស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងរ និងកង្វះអាហារ ដោយសារតែលំហូរនៃការផ្គត់ផ្គង់សំខាន់ៗទៅកាន់ប្រទេស ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។
ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ១៩មក មិនមានការបញ្ជាក់ពីករណីកូវីដ១៩ នៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ។ ប៉ុន្តែប្រទេសជិតខាង ដូចជា ចិន និងកូរ៉េខាងត្បូង មានការផ្ទុះឡើងនៃកូវីដ១៩ ហើយបច្ចុប្បន្ន ចិនកំពុងទប់ស្កាត់រលកថ្មីនៃជំងឺកូវីដ១៩ប្រភេទអូមីក្រុង។
កាលពីខែមិថុនាឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានស្ដីបន្ទោសទៅលើមន្ត្រីកំពូលជុំវិញ “ឧប្បត្តិហេតុធ្ងន់ធ្ងរ” ទាក់ទងនឹងកូវីដ ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ។ ក្រោយមកក្នុងខែកញ្ញា រដ្ឋបានរៀបចំព្យុហយាត្រាយោធា ដែលមានពាក់របាំងមុខ ដែលអ្នកវិភាគមួយចំនួនបានមើលឃើញថា ជាសញ្ញាមួយដែលថា កម្លាំងពិសេសត្រូវបានបង្កើតឡើងដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩៕