×

អគ្គនាយកដ្ឋាន​ពន្ធដារ បង្ហាញ​មុខ​មនុស្ស​មួយក្រុម ដែល​បន្លំខ្លួន​ជា​មន្ត្រីពន្ធដារ

ភ្នំពេញ៖ នាពេលថ្មីៗកន្លងទៅ អគ្គនាយកដ្ឋានពន្ធដារបានទទួលដំណឹងថា មានមនុស្សមួយក្រុម ក្នុងនោះបានប្រើប្រាស់ និងជាប់ពាក់ព័ន្ធនឹងគណនីក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកដែលមានឈ្មោះថា Thyrith Sochantha, Thirith Kong, ហម ផល្គុន និង Princess Small បានបង្ហោះក្នុងបណ្ដាញសង្គមរបស់ខ្លួនដោយមានសកម្មភាព ស្លៀកពាក់ឯកសណ្ឋានដែលមានទម្រង់ជាមន្ត្រីរាជការពន្ធដារ បង្ហោះរូបភាពក្នុងឯកសណ្ឋាន ឬមានពាក់កាតសម្គាល់អង្គភាព នៅមុខរដ្ឋបាលខេត្តមួយចំនួន ហើយគណនីThyrith Sochantha និង Princess Small ក៏បានបង្ហាញក្នុងគណនីរបស់ខ្លួនថា កំពុងបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា
មនុស្សមួយក្រុមនេះ មិនមែនជាមន្ត្រីរាជការពន្ធដារ ឬជាមន្ត្រីជាប់កិច្ចសន្យានៃអង្គភាពក្រោមឱវាទនៃអគ្គនាយកដ្ឋានពន្ធដារណាមួយឡើយ។ ករណីនេះជាករណីប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ ឯកសណ្ឋានសម្រាប់អាជ្ញាធរសាធារណៈ ដែលអគ្គនាយកដ្ឋានពន្ធដារសង្ស័យថា ជាការប្រើប្រាស់សម្លៀកបំពាក់ និងឯកសណ្ឋានក្នុងគោលដៅទុច្ចរិតណាមួយ ដូចជាការក្លែងបន្លំ ឬឆបោក សាធារណជន ឬអ្នកជាប់ពន្ធ តាមរូបភាពណាមួយជាយថាហេតុ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងនូវកិត្តិយស សេចក្ដីថ្លៃថ្នូរ និងការបំពេញការងារស្របច្បាប់របស់អគ្គនាយកដ្ឋានពន្ធដារ។

បច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន។ ទន្ទឹមនេះ សាធារណជន និងអ្នកជាប់ពន្ធ ចៀសវាងការពាក់ព័ន្ធជាមួយមនុស្សមួយក្រុមនេះ ដើម្បីកុំឱ្យមានការឆបោកក្លែងបន្លំ ឬកេងប្រវ័ញ្ច ក្នុងរូបភាពណាមួយជាយថាហេតុ និងសូម លើកទឹកចិត្តដល់សាធារណជន និងអ្នកជាប់ពន្ធដែលទទួលបានព័ត៌មានពីការក្លែងបន្លំខាងលើ រាយការណ៍ទៅអគ្គនាយកដ្ឋានពន្ធដារ តាមរយៈលេខទូរស័ព្ទ ១២៧៧៕

        

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង