វៀតណាម៖ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធយកសំណាកអ្នកជំងឺដែលសង្ស័យថា បានឆ្លងជំងឺរលាកថ្លើមស្រួចស្រាវ ដែលមិនស្គាល់ប្រភពដើមច្បាស់លាស់ ដើម្បីការពារការផ្ទុះឡើង ប្រសិនបើជំងឺនេះនៅក្នុងប្រទេស។
គិតត្រឹមថ្ងៃទី៧ ខែឧសភា កុមារប្រហែល ២៧៨នាក់ដែលមានអាយុមិនដល់១ខួប ដល់ ១៦ឆ្នាំនៅក្នុងប្រទេសវៀតណាម យ៉ាងហោចណាស់ ២០នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកថ្លើមប្រភេទស្រួចស្រាវដ៏អាថ៌កំបាំង។ យ៉ាងហោចណាស់ កុមារ ៩នាក់ក្នុងចំណោមកុមារទាំងនេះ បានស្លាប់។
ដោយមើលឃើញពីគ្រោះថ្នាក់នៃជំងឺនេះ ក្រសួងសុខាភិបាលវៀតណាម បានណែនាំដល់អង្គភាពពាក់ព័ន្ធ ឱ្យតាមដានស្ថានភាពឱ្យបានដិតដល់ និងយកសំណាកអ្នកជំងឺដែលសង្ស័យ។
អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ បានបង្ហាញថា មេរោគ Adenovirus ត្រូវបានរកឃើញនៅក្នុងអ្នកជំងឺជាច្រើន ប៉ុន្តែការសិក្សាបន្ថែមទៀត ត្រូវការជាចាំចាច់ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដ។
មេរោគ adenovirus មិនមែនជាមេរោគថ្មីទេ លោក Nguyen Pham Anh Hoa វេជ្ជបណ្ឌិតជាន់ខ្ពស់នៅមន្ទីរពេទ្យកុមារជាតិវៀតណាមនៅទីក្រុងហាណូយ បានបញ្ជាក់ថា មេរោគនេះត្រូវបានរកឃើញកាលពីឆ្នាំ១៩៥៣ និងមាន ៥៧ប្រភេទ។
មេរោគអាចបណ្តាលឱ្យឈឺភ្នែក រលាកសួត ផ្តាសាយ និង រាករូស។ វាក៏ជាមូលហេតុមួយនៃការឆ្លងមេរោគផ្លូវដង្ហើមចំពោះមនុស្សពេញវ័យ និងការខូចខាតក្រពះពោះវៀនចំពោះកុមារ៕