បន្ទាយមានជ័យ៖ អ្នកដែលទៅលេងកម្សាន្ត និងពិសាអាហារនៅតាមខ្ចុះលើទឹកនៃអាងអម្រឹតអូរខៃដន នាក្រុងប៉ោយប៉ែត បានរងការភិតភ័យ និងព្រលឹងចុងសក់ ក្រោយជួបឧបទ្ទវហេតុខ្យល់កន្ត្រាក់ ពេលដែលមានភ្លៀងធ្លាក់ និងផ្គររន្ទះ ដែលហេតុការណ៍ បានកើតឡើងកាលពីម៉ោង ៥ល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។
យោងតាមសម្តីរបស់ភ្ញៀវដែលជួបហេតុការណ៍នេះដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ពេលដែលមានភ្លៀង និងខ្យល់ខ្លាំងស្រាប់តែធ្វើឱ្យខ្ចុះដែលបណ្តែតលើផ្ទៃទឹកអាងអូរខៃដនត្រូវខ្យល់បក់បោកបើងដំបូលបាក់រោង និងយោលយោគខ្ចុះដូចជាជិះទូកលើទឹកត្រូវរលកបក់បោក។
ការដែលភ្លៀងខ្យល់បក់បោកធ្វើឱ្យដាច់ស្ពានដែលតភ្ជាប់រោងលក់ដូរជាប់ខ្នងអាងទៅខ្ចុះបណ្តាលឱ្យបាក់ដាច់ដែលមិនអាចឱ្យអ្នកនៅលើខ្ចុះដែលត្រូវភ្លៀងខ្យល់បក់បោកនោះរត់ឆ្លងមកលើគោកបាន ជាហេតុធ្វើឱ្យពួកគាត់ភិតភ័យជាខ្លាំង និងស្លន់ស្លោរហូតទាល់តែខ្យល់បានស្ងប់ទៅវិញ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា នេះជាហេតុការណ៍គ្រោះថ្នាក់បំផុតដែលពុំធ្លាប់មានសោះកាលពីពេលកន្លងមកនៅចំណុចអាងអម្រឹតអូរខៃដននេះ។ ហើយថា វាពិតជាសំណាងណាស់ដែលគ្មានអ្នកទៅកម្សាន្តណាម្នាក់រងគ្រោះថ្នាក់ក្នុងហេតុការណ៍អាក្រក់នេះ តែវាគ្រាន់តែបង្កការភិតភ័យ និងបំផ្លាញដល់រោងខ្ចុះដែលបណ្តែតលើទឹកឱ្យរងការខូចខាតប៉ុណ្ណោះ។
លោកអធិការក្រុងប៉ោយប៉ែត បានទទួចសុំឱ្យអ្នកដែលបានទៅលេងកម្សាន្តទាំងអស់បង្កើនការប្រុងប្រយត្ន័ខ្ពស់ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួនពិសេសកូនតូចៗដែលនាំយកទៅជាមួយមិនត្រូវឱ្យដើរលេងតែឯងចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ៕
ដោយ៖ ជា ថន