×

ខេត្តព្រះវិហារ ចាប់ផ្ដើម​យុទ្ធនាការ​អន្ទាក់​សូន្យ ដើម្បី​អភិរក្ស​សត្វព្រៃ

ព្រះវិហារ៖ អង្គការ WCS សហការជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រះវិហារ រដ្ឋបាលខេត្តព្រះវិហារ គម្រោងព្រៃឡង់បៃតង និងអង្គការអភិរក្សអន្តរជាតិ (CI) បានរៀបចំយុទ្ធនាការអន្ទាក់សូន្យនៅខេត្តព្រះវិហារ ដើម្បីលុបបំបាត់ការដាក់អន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិទាំងអស់ទូទាំងប្រទេសកម្ពុជា។

សូមជម្រាបថា ខេត្តព្រះវិហារជាខេត្តទិសដៅទី២ បន្ទាប់ពីខេត្តស្ទឹងត្រែង ក្នុងការរៀបចំ យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ ការពារធម្មជាតិកម្ពុជាដែលផ្តួចផ្តើមគំនិតនិងដឹកនាំដោយក្រសួងបរិស្ថាន និងមានការចូលរួមពីអង្គការដៃគូអភិរក្សនានា។

យុទ្ធនាការអន្ទាក់សូន្យនៅខេត្តព្រះវិហារ បានប្រារព្ធឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិត្មាត ប៉ើយធឿនក្រសាំង ស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីរដ្ឋបាលខេត្ត ព្រះវិហារ អាជ្ញាធរស្រុក អង្គការដៃគូ និងបងប្អូនប្រជាសហគមន៍។

យុទ្ធនាការអន្ទាក់សូន្យធ្វើឡើងក្នុងខេត្ត ៦ ដែលស្ថិតនៅភាគខាងកើតទន្លេមេគង្គរួមមាន ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ។

ក្នុងឆ្នាំ២០២១ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួនបានដកអន្ទាក់សរុបចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំ មានអន្ទាក់សរុបចំនួនប្រមាណជាង ៤០.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង