×

ទីក្រុងដេលី រង​រលកកម្ដៅ​៤៩អង្សាសេ បង្កឱ្យ​មាន​ការព្រមាន​ចំពោះ​កុមារ និងជនចាស់ជរា

ឥណ្ឌា៖ រលកកម្ដៅដ៏ខ្លាំងមួយ ហាក់កំពុងដុតកម្លោចភាគខាងជើងប្រទេសឥណ្ឌា ជាមួយនឹងសីតុណ្ហភាពកើនឡើងដល់កម្រិត ៤៩,២អង្សាសេ នៅក្នុងផ្នែកខ្លះនៃរដ្ឋធានីដេលី។

នេះជារលកកម្ដៅលើកទី៥ហើយ ដែលរលកកម្ដៅបានវាយប្រហារក្នុងរដ្ឋធានីដេលីចាប់តាំងពីខែមីនាមក។ មន្ត្រីប្រទេសនេះ បានស្នើឱ្យប្រជាជនមានការប្រុងប្រយ័ត្ន ខណៈដែលសីតុណ្ហភាព នឹងបន្តនៅតែខ្ពស់ដដែល។

ពួកគេ បានព្រមានថា កម្ដៅអាចបង្កក្តីបារម្ភដល់សុខភាព សម្រាប់ជនងាយរងគ្រោះ រួមមាន ទារក ចាស់ជរា និងអ្នកមានជំងឺរ៉ាំរ៉ៃ។ នាយកដ្ឋានអាកាសធាតុរបស់ប្រទេសឥណ្ឌា បាននិយាយថា រដ្ឋ Himachal Pradesh, Haryana, Uttarakhand, Punjab និង Bihar បានឡើងកម្ដៅយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ សីតុណ្ហភាពទំនងជាធ្លាក់ចុះពី ២-៤អង្សាសេ នៅក្នុងតំបន់មួយចំនួន។

រលកកម្ដៅ គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ជាពិសេសនៅក្នុងខែឧសភា និងខែមិថុនា។ រដូវក្តៅនៅឥណ្ឌា បានចាប់ផ្តើមនៅដើមឆ្នាំនេះ ជាមួយនឹងសីតុណ្ហភាពខ្ពស់ចាប់ផ្ដើមពីខែមីនា។ សីតុណ្ហភាពអតិបរមាជាមធ្យមក្នុងខែនេះ បានជាប់ជាកំណត់ត្រាដែលមិនធ្លាប់មានក្នុងរយៈពេល ១២២ឆ្នាំនៅប្រទេសឥណ្ឌា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង