បាដាដ៖ ព្យុះខ្សាច់នៅថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសអ៊ីរ៉ាក់ បានបង្កឱ្យមនុស្សយ៉ាងហោចណាស់ ២០០០ នាក់ទៅមន្ទីរពេទ្យ ដោយមានបញ្ហាផ្លូវដង្ហើម និងធ្វើឱ្យមានការបិទព្រលានយន្តហោះ សាលារៀន និងកន្លែងធ្វើការនៅទូទាំងប្រទេស។
វាគឺជាព្យុះខ្សាច់ទី៨ ចាប់តាំងពីពាក់កណ្តាលខែមេសា ដែលបានវាយប្រហារប្រទេសអ៊ីរ៉ាក់ ដោយសារការរិចរិលដី គ្រោះរាំងស្ងួតខ្លាំង និងកម្រិតទឹកភ្លៀងទាប ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ នៅដើមខែនេះ ព្យុះខ្សាច់ បានបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ ខណៈដែលមនុស្ស ៥.០០០ នាក់ផ្សេងទៀត ត្រូវសម្រាកនៅមន្ទីរពេទ្យ ដោយសារបញ្ហាផ្លូវដង្ហើម។
កាលពីថ្ងៃចន្ទ ធូលីដ៏ក្រាស់បានរុំព័ទ្ធរដ្ឋធានីបាកដាដ ក្នុងពន្លឺពណ៌ទឹកក្រូច ហើយបានគ្របដណ្ដប់ទីក្រុងជាច្រើនផ្សេងទៀត រួមទាំងទីក្រុងនៅភាគខាងត្បូង និងភាគខាងជើង។ ខ្សាច់បានគ្របដណ្តប់លើដំបូលអគារ រថយន្ត និងសូម្បីតែចូលទៅក្នុងផ្ទះ។
អាជ្ញាធរនៅក្នុងខេត្តចំនួន៧ របស់ប្រទេសអ៊ីរ៉ាក់ រួមទាំងទីក្រុងបាកដាដ បានបញ្ជាឱ្យបិទការិយាល័យរដ្ឋាភិបាល។ ប៉ុន្តែគ្រឹះស្ថានសុខាភិបាលនៅតែបើក ដើម្បីជួយដល់អ្នកដែលមានហានិភ័យបំផុត រួមទាំងមនុស្សចាស់ និងអ្នកដែលមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺបេះដូង។
អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថា មនុស្សយ៉ាងហោចណាស់ ២០០០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទូទាំងប្រទេសអ៊ីរ៉ាក់ ដែលត្រូវការអុកស៊ីសែន៕