
ភ្នំពេញ៖ តារាសម្តែងអ្នកនាង លី ម៉ារីណា បន្ទាប់ពីប្រកាសចែកផ្លូវគ្នាជាផ្លូវការពីអតីតស្វាមីដែលមានឈ្មោះ សាត ចាន់ថន រួចមក មកដល់ពេលថ្មីៗនេះ បញ្ហាមួយទៀតបានកើតឡើងដោយអ្នកនាង បានប្រកាសស្វែងរកអតីតស្វាមីរបស់ខ្លួន នៅលើបណ្តាញសង្គម បន្ទាប់ពីលោកលួចយកទ្រព្យសម្បត្តិដែលជាកម្លាំងញើសឈាមរបស់នាងខំរកទុកចិញ្ចឹមកូនទៅបាត់។

តារាសម្តែងរូបនេះ បានបកស្រាយឱ្យដឹងថា អ្នកនាងមិនចង់បង្ហាញបញ្ហាក្នុងគ្រួសារនៅលើបណ្តាញសង្គមឡើយដោយសារមិនចង់បន្សល់ទុកនូវរឿងមិនល្អដល់កូនប្រុសទៅថ្ងៃអនាគត ប៉ុន្តែអ្នកនាងបានទុកពេលឱ្យអតីតស្វាមីច្រើនខែមកហើយ តែមិនឃើញលោកយកទ្រព្យសម្បត្តិមកប្រគល់ជូនវិញឡើយ ថែមទាំងប្រកាសនៅលើបណ្តាញសង្គមបដិសេធនូវពាក្យចោទប្រកាន់របស់អ្នកនាង លី ម៉ារីណា ថែមទៀត។
អ្នកនាង លី ម៉ារីណា បានបញ្ជាក់ថា អ្នកនាងជាមនុស្សស្រីដែលគ្មានសំណាង ពេញមួយជីវិតនេះគឺត្រូវរស់ពឹងលើខ្លួនឯងធ្វើការងារ និងប្រកបរបររកស៊ីមិនមានអ្នកណាមកចិញ្ចឹមឡើយ សូម្បីតែរៀបការមានគ្រួសារហើយក៏ត្រូវខំប្រឹងទាំងយប់ទាំងថ្ងៃរកប្រាក់ចិញ្ចឹមខ្លួន និងកូនរកពេលសម្រាកមិនមានឡើយ។
គួរបញ្ជាក់ដែរថា បើទោះជាជួបបញ្ហាផ្ទួនៗយ៉ាងណាក៏ដោយ ក៏អ្នកនាង លី ម៉ារីណា នៅតែខំព្យាយាមចេញមុខ Live លក់ឥវ៉ាន់តាមបណ្តាញសង្គម បង្ហាញស្នាមញញឹមដល់អតិថិជនមិនចុះចាញ់នឹងវាសនាឡើយ។ តារាស្រីរូបនេះ ត្រូវបានគ្រប់គ្នាសរសើរពីរូបសម្រស់ស្រស់ស្អាត និងមានអត្តចរិតទន់ភ្លន់ ប៉ុន្តែបែរជាមិនមានសំណាងក្នុងជីវិតទៅវិញ៕
