ចិន៖ ស្ងប់ស្ងាត់អស់រយៈពេលជាយូរបន្ទាប់ពីរឿងអាស្រូវរំលូតកូនបានផ្ទុះឡើងកាលពីឆ្នាំមុន អតីតតារាសម្តែងស្រី Zhang Shuang នៅតែព្យាយាមចង់បន្តអាជីពក្នុងសិល្បៈដោយនាងអង្វរគ្រប់គ្នាម្តងហើយម្តងទៀតដើម្បីផ្តល់ឱកាសឱ្យនាងបានប្រលូកក្នុងវិស័យសិល្បៈសាជាថ្មី។
ប៉ុន្តែទីបំផុតមិនមានការឆ្លើយតបណាដែលព្រមលើកលែងទោសឱ្យនាងឡើយ ដែលបានធ្វើឱ្យអនាគតអតីតតារាស្រីរូបនេះមិនដឹងថាគួរទៅតាមច្រកណា ធ្វើឱ្យ Zhang Shuang ព្យាយាមបញ្ចេញសកម្មភាពនានារបស់ខ្លួននៅលើ IG វិញម្តងដើម្បីទាមទារការចាប់អារម្មណ៍ត្រលប់មកវិញ។
ក្រោយមក វត្តមានរបស់អតីតតារាស្រីរូបនេះក៏ស្ងាត់សូន្យឈឹង រហូតមកដល់ពេលថ្មីៗនេះអ្នកគាំទ្រដែលនៅតែមានភាពស្មោះស័គ្រ្មចំពោះនាងបាននាំគ្នាចែករំលែកវីដេអូពី Youtube របស់នាងកំពុងប្រលែងលេងជាមួយសត្វចិញ្ចឹម យកមកចែករំលែកតៗគ្នានៅលើបណ្តាញសង្គម Weibo ដែលនៅក្នុងវីដេអូនោះ នាងក៏បានបញ្ជាក់ឱ្យដឹងពីគម្រោងចង់ក្លាយជា YouTuber ល្បីឈ្មោះម្នាក់ផងដែរ។
បន្ទាប់ពីវីដេអូរបស់ Zhang Shuang បានសុះសាយពេញបណ្តាញសង្គមចិនមក មានមតិមួយចំនួនបានលើកឡើងថា តើនាងចង់បង្វែរការរកប្រាក់ចិញ្ចឹមជីវិតតាមរយៈការធ្វើ Youtube វិញ ឬ យ៉ាងណា? គួររំឭកដែរថា រឿងអាស្រូវរំលូតកូន និងបោះបង់កូនឱ្យនៅជាមួយអតីតមិត្តប្រុសរបស់នាងនៅសហរដ្ឋអាមេរិកដែលបានផ្ទុះឡើងកាលពីឆ្នាំមុន បានធ្វើឱ្យអនាគតរបស់អតីតតារាស្រីរូបនេះចប់គ្រប់យ៉ាងរហូតមានឈ្មោះក្នុងបញ្ជីខ្មៅមិនអាចវិលត្រលប់ចូលសិល្បៈវិញឡើយ៕