×

រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ “ភ្នំនាគស” មាន​ភាពទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ

ពោធិ៍សាត់៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ក្រ ធម្មជាតិ “ភ្នំនាគស” កំពុងទាក់ទាញភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាភ្ញៀវអន្តរជាតិនានា គ្រប់ពេលវេលា ជាពិសេស នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម និងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កន្លងមកនេះ។

ភ្ញៀវទេសចរយ៉ាងច្រើនកុះករ ទៅលេងកម្សាន្តនៅទីនោះ ព្រោះទីនេះជារមណីយដ្ឋានមួយ ស្ថិតនៅជាប់នឹងជើងភ្នំ ដែលមានស្រាប់តាំងពីមុនមក ហើយបច្ចុប្បន្ននេះ ត្រូវបានកែលម្អបន្ថែម ឱ្យទៅជាសួនច្បារ ផ្កាចម្រុះពណ៌ មានសួនពុទ្ធប្រវត្តិ (រូបចម្លាក់ព្រះពុទ្ធបដិមាករដ៏ធំមួយព្រះអង្គ ផ្ទុំជាប់នឹងជញ្ជាំងថ្មដា បណ្តោយ៧ម៉ែត្រ កម្ពស់២,៥០ម៉ែត្រ មានអាយុកាលដ៏យូរលង់ណាស់មកហើយ)។ ក្រៅពីនេះ ក៏មានរៀបចំជារូបសំណាកសត្វព្រៃជាច្រើនប្រភេទ មានដើមឈើព្រៃភ្នំធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធគួរឱ្យទាក់ទាញ។

រមណីយដ្ឋានខាងលើ ស្ថិតនៅក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយ ៥៩គ.ម ពីក្រុងពោធិ៍សាត់។ តែបើយើងធ្វើ ដំណើរចេញពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥ មកដល់ឃុំខាងលើ ត្រង់គ.ម លេខ១៣៥ (ផ្លូវបំបែក ភូមិក្បាលដំរី) រួចបត់ទៅឆ្វេងចម្ងាយ១២គ.ម (ផ្លូវក្រួសក្រហម) យើងនឹងទៅដល់ ”រមណីយដ្ឋានភ្នំនាគស” ដែលមានចំណតយានយន្ត និងបន្ទប់ទឹក ប្រកបដោយអនាម័យ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង