×

កាសែត WSJ រាយការណ៍​ថា​យន្តហោះ China Eastern បានធ្លាក់​ដោយ​ចេតនា​របស់​មនុស្ស

អាមេរិក៖ កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃទី១៧ ខែឧសភាថា អ្នកស៊ើបអង្កេតនៅសហរដ្ឋអាមេរិកជឿថា នរណាម្នាក់នៅលើជើងហោះហើរ China Eastern ដែលបានធ្លាក់នោះ មានចេតនាធ្វើឱ្យយន្តហោះធ្លាក់ កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ។

ជើងហោះហើរ China Eastern MU5375 បានធ្លាក់ចូលទៅក្នុងតំបន់ភ្នំមួយ ដោយបានសម្លាប់មនុស្សទាំង ១៣២ នាក់នៅលើយន្តហោះ ខណៈវាកំពុងធ្វើដំណើរពីទីក្រុងគុនមីង ទៅកាន់ទីក្រុងក្វាងចូវ កាលពីថ្ងៃទី២១ ខែមីនា។ វាជាគ្រោះមហន្តរាយផ្លូវអាកាស ដែលមានអ្នកស្លាប់ច្រើនបំផុតរបស់ប្រទេសចិន ក្នុងរយៈពេលប្រហែល ៣០ឆ្នាំ។

កាសែត WSJ បានរាយការណ៍ថា ការវាយតម្លៃបឋមរបស់មន្ត្រីសហរដ្ឋអាមេរិក គឺផ្អែកលើទិន្នន័យពីប្រអប់ខ្មៅដែលបានរកឃើញនៅក្នុងការធ្លាក់យន្តហោះ។ ទិន្នន័យបង្ហាញថា មានការបញ្ជា ដែលធ្វើឱ្យយន្តហោះសំយុងក្បាលចុះក្រោម។ ប្រភពបានបន្តថា វាអាចបណ្តាលមកពីអ្នកបើកយន្តហោះ ឬនរណាម្នាក់ដែលបានបង្ខំពីឡុត។

មន្ត្រីសហរដ្ឋអាមេរិកជឿថា ការសន្និដ្ឋានរបស់ពួកគេគឺត្រឹមត្រូវ ខណៈអ្នកស៊ើបអង្កេតចិន មិនបានបង្ហាញពីបញ្ហាណាមួយជាមួយយន្តហោះ ឬការបញ្ជាការហោះហើរទេ។

រដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន (CAAC) បាននិយាយកាលពីខែមេសាថា អ្នកស៊ើបអង្កេត មិនបានរកឃើញព័ស្តុតាងនៃភាពមិនប្រក្រតីណាមួយឡើយ។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុន Boeing ។

ក្រុមហ៊ុន China Eastern បានចេញសេចក្តីថ្លែងការណ៍មួយទៅកាន់ WSJ ដោយនិយាយថា គ្មានព័ស្តុតាងណាមួយដែលអាចកំណត់ថា តើមានបញ្ហាណាមួយជាមួយយន្តហោះដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់នោះទេ។ ក្រុមហ៊ុនអាកាសចរណ៍ ក៏បានលើកឡើងម្តងទៀតនូវសេចក្តីថ្លែងការណ៍របស់មន្ត្រីជាន់ខ្ពស់របស់ខ្លួនពីខែមីនា ថា សុខភាពរបស់អ្នកបើកយន្តហោះ និងស្ថានភាពគ្រួសាររបស់គាត់ គឺល្អ ហើយស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ក៏ស្ថិតក្នុងស្ថានភាពល្អដែរ។

រដ្ឋាភិបាលចិន បានចេញរបាយការណ៍បឋមរបស់ខ្លួន កាលពីនៅថ្ងៃទី២០ ខែមេសា។ សេចក្តីសង្ខេបបាននិយាយថា ការប្រមូលទិន្នន័យ និងការវិភាគលើប្រអប់ខ្មៅដែលខូច នៅតែដំណើរការនៅឡើយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង