ភ្នំពេញ៖ ត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា បានក្លាយជាកូនកំព្រា បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ បានឆាបឆក់យកជីវិតឪពុកម្តាយរបស់នាងដែលទើបកើតឡើងកាលពីពេលថ្មីៗនេះ។ ដំណឹងមួយនេះ បានធ្វើឱ្យគ្រប់គ្នាអាណិតតារាស្រីរូបនេះជាពន់ពេក ត្បិតការបាត់បង់អ្នកមានគុណក្នុងពេលតែមួយ ជារឿងដែលពិបាកទទួលយកបំផុត។
សុវត្ថិឌី ធារិកា ធ្លាប់បានឱ្យដឹងថា ទម្រាំមានជីវភាពសមរម្យដូចសព្វថ្ងៃនេះ នាងបានហែលឆ្លងការតស៊ូជាច្រើនជាមួយការចូលរួមប្រលងក្នុងកម្មវិធីចម្រៀងនានា ដើម្បីចង់បានប្រាក់រង្វាន់យកមកដោះស្រាយជីវភាពក្រីក្រដែលរកព្រឹកខ្វះល្ងាច។ ដូចនេះ នាងក៏បានប្រើប្រាស់ដុងសិល្បៈពីកំណើតចូលរួមប្រកួតក្នុងកម្មវិធី ក៏ដូចជាច្រៀងតាមរោងការជាដើម ជាការបង្ហាញសមត្ថភាពផង និងរកប្រាក់ផង។
តាមរយៈការផ្តល់បទសម្ភាសក្នុងកម្មវិធី “ពីនេះពីនោះជាមួយសុខគា” សុវត្ថិឌី ធារិកា បានឱ្យដឹងថា បើទោះជាជីវភាពបានប្រសើរជាងមុនច្រើនក៏ពិតមែន ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ដូចអ្វីដែលនាងចង់បាននៅឡើយ ព្រោះនាងមានបំណងចង់ឱ្យឪពុកម្តាយរស់នៅស្រួលជាងនេះ។ ម៉្យាងទៀតសមិទ្ធផលទាំងប៉ុន្មានដែលមានដូចសព្វថ្ងៃ ក៏បានមកពីកម្លាំងចិត្តដែលឪពុកម្តាយចាំជួយជំរុញពីក្រោយផងដែរ។
គួរបញ្ជាក់ដែរថា ពាក្យសម្តីទាំងប៉ុន្មាននេះ បានធ្វើឱ្យទស្សនិកជនដែលបានទស្សនាកម្មវិធីជជែកកម្សាន្ត “ពីនេះពីនោះជាមួយសុខគា” កាន់តែអាណិតតារាស្រីរូបនេះខ្លាំងឡើង ត្បិតអ្នកមានគុណដែលតែងផ្តល់កម្លាំងចិត្តឱ្យលែងមានវត្តមានក្នុងជីវិតនាងជារៀងរហូត៕
(ទស្សនាវីដេអូ)