×

ព្យុះខ្សាច់ កំពុង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាជន​នៅ​មជ្ឈិមបូព៌ា

អ៊ីរ៉ាក់៖ ព្យុះខ្សាច់ បានគ្របដណ្ដប់លើតំបន់មជ្ឈិមបូព៌ា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈក្រុមអ្នកជំនាញបានព្រមានថា វាអាចរីកសាយភាយដោយសារតែការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យសុខភាពមនុស្សស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរ។

យ៉ាងហោចណាស់មនុស្ស ៤០០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីថ្ងៃចន្ទ ដោយសារបញ្ហាផ្លូវដង្ហើម នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាកន្លែងដែលព្យុះខ្សាច់ចំនួន៨ បានកើតឡើងចាប់តាំងពីពាក់កណ្តាលខែមេសា។ មនុស្សជាង ៥០០០នាក់ ផ្សេងទៀត ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យអ៊ីរ៉ាក់ សម្រាប់ជំងឺផ្លូវដង្ហើមស្រដៀងគ្នាកាលពីដើមខែឧសភានេះ។

បាតុភូតនេះក៏បានធ្វើឱ្យប្រទេសអ៊ីរ៉ង់ គុយវ៉ែត អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម មានការភ័យខ្លាចកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ខ្សាច់ និងធូលី ត្រូវបានកួចចូលទៅក្នុងបរិយាកាស បន្ទាប់មកវាអាចធ្វើដំណើររាប់រយ ឬរាប់ពាន់គីឡូម៉ែត្រ។

អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយថា ព្យុះខ្សាច់បានប៉ះពាល់ដល់ប្រទេស និងតំបន់សរុបចំនួន ១៥០ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សុខភាព និងសេដ្ឋកិច្ច។

ព្យុះនេះមានប្រភពនៅតំបន់ស្ងួត ឬពាក់កណ្តាលស្ងួតនៃទ្វីបអាហ្រ្វិកខាងជើង ឧបទ្វីបអារ៉ាប់ អាស៊ីកណ្តាល និងប្រទេសចិន។ តំបន់ដែលរងគ្រោះតិច រួមមាន អូស្ត្រាលី អាមេរិក និងអាហ្វ្រិកខាងត្បូង។

ទីភ្នាក់ងារអង្គការសហប្រជាជាតិដដែល បានព្រមានអំពី “ហានិភ័យធ្ងន់ធ្ងរ” ដែលបង្កឡើងដោយធូលី។ ភាគល្អិតធូលី អាចបណ្តាលឱ្យមានបញ្ហាសុខភាពដូចជាជំងឺហឺត និងជំងឺសរសៃឈាមបេះដូង ហើយថែមទាំងរីករាលដាលបាក់តេរី និងមេរោគ ព្រមទាំងបង្កសត្វល្អិត និងជាតិពុលផ្សេងទៀត។ ភាគល្អិតតូចៗដែលអាចមានទំហំតូចជាង ១០មីក្រូម៉ែត្រ អាចជាប់នៅក្នុងច្រមុះ មាត់ និងផ្លូវដង្ហើម ដោយបង្កជាជំងឺផ្លូវដង្ហើមដូចជាជំងឺហឺត និងជំងឺរលាកសួត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង