×

ស្លាប់ និង​បាត់បង់ស្មារតី ដោយសារ​ទទួលទាន​ផ្សិតពុល នៅ​ភាគឦសាន​ប្រទេសថៃ

ថៃ៖ ប្ដីប្រពន្ធរស់នៅខេត្ត Udon Thani នៅភាគឦសាននៃប្រទេសថៃ បានចម្អិនមុខម្ហូបការី ពីផ្សិតដែលពួកគេបេះពីព្រៃ កាលពីថ្ងៃអង្គារ ទី១៧ ខែឧសភា ប៉ុន្តែផ្សិតនោះបែរជាពុលទៅវិញ។ ស្ត្រីជាប្រពន្ធ បានស្លាប់ដោយសារពុល នៅព្រឹកថ្ងៃទី១៨ ខែឧសភា ហើយប្តីរបស់គាត់ កំពុងសន្លប់ក្នុងបន្ទប់សង្គ្រោះបន្ទាន់។

ម្តាយដែលរស់នៅជាមួយប្តីប្រពន្ធ បាននិយាយថា មានភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃមកហើយ បណ្តាលឱ្យផ្សិតព្រៃគ្រប់ប្រភេទដុះឡើង ក្នុងព្រៃក្បែរនោះ។ គាត់បាននិយាយថា កូនប្រុសអាយុ ៤០ឆ្នាំរបស់គាត់ ឈ្មោះ Somkuan Sukrat និងកូនប្រសាស្រីអាយុ ៤០ឆ្នាំ ឈ្មោះ Soithong Yoongyooka បានចេញទៅបេះផ្សិតនៅក្នុងព្រៃ។

នៅម៉ោងប្រហែល ២ទៀបភ្លឺ ថ្ងៃទី១៨ ឧសភា លោក Somkuan និងអ្នកស្រី Soithong ចាប់ផ្តើមមានអាការក្អួត ចង្អោរ និងមានការមើលមិនច្បាស់។ ប្ដីនៅដឹងខ្លួន ក៏សម្រេចចិត្តហៅពេទ្យឱ្យជួយ។ ទោះបីជាយ៉ាងណា ក៏ដោយស្ដ្រីជាប្រពន្ធ បាននិយាយថា នាងមិនចង់ទៅមន្ទីរពេទ្យទេ។ មួយសន្ទុះក្រោយមក គាត់បានសន្លប់ស្តូកស្តឹង ហើយបានស្លាប់។ ចំណែកប្ដី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយគាត់បានសន្លប់។

ការធ្វើកោសល្យវិច័យបានបញ្ជាក់ថា ស្ដ្រីជាប្រពន្ធបានស្លាប់ ដោយសារទទួលទានផ្សិតពុល។ ប៉ូលីសបាននិយាយថា ពួកគេនឹងណែនាំអ្នកភូមិ កុំឱ្យពិសាផ្សិតព្រៃ ជាពិសេសនៅរដូវវស្សា៕

 

(តំណភ្ជាប់ វីដេអូ)

https://www.thairath.co.th/tv/program/khao_tieng_thairath/626117

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង