ក្រុងឡុងដ៍៖ អង្គការសុខភាពពិភពលោក (WHO) កំពុងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ ដើម្បីពិភាក្សាអំពីការផ្ទុះឡើងនៃជំងឺ “អុតស្វា (Monkeypox)” បន្ទាប់ពីករណីជាង ១០០ ត្រូវបានបញ្ជាក់ ឬសង្ស័យនៅទ្វីបអឺរ៉ុប។
នៅក្នុងប្រទេសអាល្លឺម៉ង់ គេរកឃើញថា វាជាការផ្ទុះឡើងដ៏ធំបំផុតនៅអឺរ៉ុបដែលមិនធ្លាប់មាន។ ករណីត្រូវបានគេរាយការណ៍នៅក្នុងប្រទេសយ៉ាងហោចណាស់ចំនួន៩ រួមមាន បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហុល្លង់ ព័រទុយហ្គាល់ អេស្ប៉ាញ ស៊ុយអែត និងចក្រភពអង់គ្លេស ក៏ដូចជាសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី។
ប្រទេសអេស្ប៉ាញ បានរាយការណ៍ពីករណីជំងឺអុតស្វាថ្មីចំនួន ២៤ កាលពីថ្ងៃសុក្រ ដែលភាគច្រើននៅក្នុងក្រុងម៉ាឌ្រីដ។
មន្ទីរពេទ្យមួយក្នុងប្រទេសអ៊ីស្រាអែល កំពុងព្យាបាលបុរសម្នាក់អាយុ ៣០ឆ្នាំដែលកំពុងបង្ហាញរោគសញ្ញាជំងឺនេះ បន្ទាប់ពីថ្មីៗនេះ បានមកដល់ពីអឺរ៉ុបខាងលិច។
ជំងឺអុតស្វា ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងនៅក្នុងសត្វស្វា។ ជំងឺនេះជាធម្មតារីករាលដាលតាមរយៈការទំនាក់ទំនងជិតស្និទ្ធ និងកម្ររីករាលដាលនៅខាងក្រៅទ្វីបអាហ្រ្វិកណាស់។ ដូច្នេះករណីនៅអឺរ៉ុបនេះ បានបង្កឱ្យមានការព្រួយបារម្ភ។
ទោះជាយ៉ាងណា អ្នកវិទ្យាសាស្ត្រមិនរំពឹងថាការផ្ទុះឡើងនឹងវិវឌ្ឍន៍ទៅជាជំងឺរាតត្បាតដូចជំងឺកូវីដ១៩នោះទេ ដោយសារតែវីរុសមិនរីករាលដាលយ៉ាងងាយស្រួលដូច SARS-COV-2 នោះទេ។
ជំងឺអុតស្វា ជា ជំងឺ កម្រិត ស្រាល ដែល មាន លក្ខណៈគ្រុនក្តៅ ក៏ដូចជា កន្ទួល រមាស់ ៕