×

លោកស្រី ឱ វណ្ណឌីន៖ មកទល់ពេលនេះ កម្ពុជា មិនទាន់​មាន​ករណី​ជំងឺអុតស្វា​នៅឡើយទេ ប៉ុន្តែ​ពលរដ្ឋ​គ្រប់រូប ត្រូវមាន​ការប្រុងប្រយ័ត្នខ្ពស់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ន ប្រទេសកម្ពុជា មិនទាន់មានករណីជំងឺអុតស្វានៅឡើយទេ ប៉ុន្តែបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺនេះ។

តាមរយៈអត្ថបទរៀបចំដោយ លោកស្រី ឱ វណ្ណឌីន ដែលបានចេញផ្សាយ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឬករណីវិជ្ជមានជំងឺនេះ នៅកម្ពុជានៅឡើយទេ។ ទោះជាយ៉ាងណា ប្រជាជនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួន ដែលក្រសួងសុខាភិបាល តែងតែបានណែនាំ និងដូចដែលបានបង្ហាញ នៅខាងក្រោមជាបន្តបន្ទាប់ទៀត។

លោកស្រី ឱ វណ្ណឌីន ក៏បានណែនាំឱ្យគ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវតាមដាន និងរាយការណ៍ករណីសង្ស័យណាមួយ ដែលកើតមានឡើង ដើម្បីបន្តការស៊ើបអង្កេត ព្រមទាំង ពង្រឹងប្រព័ន្ធតាមដានជំងឺនៅតាមមន្ទីរពេទ្យនានា ពិតជាមានសារៈសំខាន់ណាស់។

ជាមួយគ្នានេះ លោកស្រី ក៏បានណែនាំឱ្យយកចិត្តទុកដាក់ពិនិត្យមើលឲ្យបានហ្មត់ចត់ នូវអ្នកដំណើរចូលមកកម្ពុជា ដែលមានកន្ទូលរមាស់នៅលើខ្លួន អមដោយមានគ្រុនក្តៅ និងមានប្រវត្តិធ្វើដំណើរមកពី បណ្តាប្រទេសប៉ែកខាងអាហ្វ្រិក (ប្រមាណជា ១០ប្រទេស) ដែលមានការកើតឡើងនូវជំងឺអុតស្វា (Monkeypox) បែបជា អង់ដេមី ហើយត្រូវរាយការណ៍ទៅ អាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥។

សូមបញ្ជាក់ថា ជំងឺអុតស្វា (Monkeypox) គឺជាជំងឺដែលឆ្លងដោយវិរុស (ចម្លងពីសត្វទៅមនុស្ស) នៅតំបន់ត្រូពិចដែលមានភ្លៀងនៃអាហ្វ្រិកកណ្ដាល និងអាហ្វ្រិកខាងលិច ជួនកាលមានបញ្ជូនការចម្លងជំងឺនេះ ទៅកាន់តំបន់ផ្សេងៗទៀតផងដែរ។ ជំងឺនេះមានស្ថានភាពវិវត្តន៍យ៉ាងលឿន ហើយករណីជាច្រើនទៀត ទំនងជាត្រូវបានរាយការណ៍ថា មានការកើនឡើង។

មកទល់នឹងពេលនេះមាន ២ករណី ត្រូវបានរកឃើញនៅក្នុង បណ្ដាប្រទេសប៉ាស៊ីហ្វិកខាងលិច (WPRO) និងក្នុងប្រទេសអូស្ដ្រាលី។ នៅលើសាកលលោក មិនទាន់មានការរាយការណ៍ អំពីករណីស្លាប់នៅឡើយទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង