×

ដំណឹងល្អ! រាជរដ្ឋាភិបាល អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ឈប់សម្រាក​ថ្ងៃសៅរ៍ និងថ្ងៃចន្ទ មុន​និងក្រោយ​បោះឆ្នោត​ចំថ្ងៃអាទិត្យ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យកម្មករនិយោជិត បានឈប់សម្រាក២ថ្ងៃ ដើម្បីទៅចូលរួមបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។

ការសម្រេចនេះ គឺដោយតាមសំណើររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍អនុញ្ញាតឱ្យកម្មករនិយោជិត នៅទូទាំងប្រទេស បានឈប់សម្រាកដើម្បីទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ដោយបានឈប់សម្រាកមុន ១ថ្ងៃ និងក្រោយថ្ងៃបោះឆ្នោត ១ថ្ងៃ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។ បើតាមការសម្រេចនេះ គឺកម្មការនិយោជិត នៅទូទាំងប្រទេស នឹងបានឈប់សម្រាកនៅថ្ងៃទី៤ ទី៥ និងទី៦ ខែមិថុនា។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនាខាងមុខនេះ ខណៈគណបក្សនយោបាយនានា កំពុងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយការធ្វើសកម្មភាពឃោសនាត្រូវគោរពច្បាប់បទបញ្ញា និងនីតិវិធី រួមទាំងសេចក្ដីណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្តីណែនាំពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង