×

អ្នកនេសាទ ចាប់បាន​ត្រីបបែលយក្ស​ទឹកសាប​១ក្បាលទៀត ក្នុង​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ជលផលខេត្តស្ទឹងត្រែង និងគម្រោងអច្ឆរិយមេគង្គសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFREDI) បានព្រលែងត្រីបបែលទឹកសាបយក្សមួយក្បាលចូលក្នុងទន្លេវិញ កាលពីថ្ងៃទី២៣ខែឧសភា ក្រោយពីអ្នកនេសាទចាប់បាន ដែលមានទម្ងន់ប្រមាណ ១៤៣គីឡូក្រាម ក្នុងទន្លេមេគង្គ កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

កាលពីថ្ងៃទី៥ ខែឧសភា ត្រីបបែលយក្សមួយក្បាល មានទម្ងន់ជិត ២០០ គីឡូក្រាម ក៏បានធ្វើការដោះលែងទៅវិញផងដែរ។ ចំណែក ត្រីបបែលយក្សញីមួយក្បាល ដែលអ្នកនេសាទទើបតែចាប់នេះ មានទម្ងន់ ១៤៣គីឡូក្រាម ទទឹងដងខ្លួន ១៧១សង់ទីម៉ែត្រ និងបណ្តោយដងខ្លួន ១៨១សង់ទីម៉ែត្រ និងប្រវែងដងខ្លួនសរុប (ពីចុងច្រមុះដល់ចុងកន្ទុយ) ៣៦៥សង់ទីម៉ែត្រ។

ត្រីបបែលយក្សប្រភេទនេះ មានរស់នៅក្នុងទន្លេមេគង្គកម្ពុជា ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ វាអាចធំលូតលាស់ដល់ប្រវែងទទឹងដងខ្លួន ២៤០សង់ទីម៉ែត្រ និងមានទម្ងន់រហូតដល់ ៦០០គីឡូក្រាម។ ត្រីបបែលយក្សប្រភេទនេះ ស្ថិតក្នុងបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង