ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យដឹងនៅថ្ងៃទី២៤ ខែឧសភានេះ ថា ចាប់ពីថ្ងៃទី២៥ ដល់ ៣១ ខែឧសភា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើភាគខាងជើងប្រទេសថៃ និងប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតីកម្រិតមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C។ បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ និងលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
សម្រាប់តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។
ដោយឡែក តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹក ក៏បានប្រកាសឱ្យដឹងផងដែរថា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៦-២៩ ខែឧសភា៕