ហុងកុង៖ រូបភាពនៃតុក្កតាដ៏ធំមួយ បានដួលបែកខ្ទេចដោយសារក្មេងប្រុសម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងត្បិតតុក្កតាមួយនោះ មានតម្លៃរហូតដល់ ៥២.៨០០ដុល្លារហុងកុងឯណោះ។
រូបភាពក្មេងប្រុស ឈរសម្លឹងមើលតុក្កតាដែលបែកខ្ចាយ និងម្តាយរបស់ក្មេងឈរឱបដៃ ដោយអារម្មណ៍សម្ពាធដោយសារត្រូវរ៉ាប់រងសងថ្លៃខូចខាតនោះ ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាចែកចាយពេញបណ្តាញសង្គម។
យ៉ាងណាមិញ ម្តាយរបស់ក្មេងប្រុសនោះ បានសរសេរនៅគណនីបណ្តាញសង្គមរបស់គាត់ថា៖ “ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាមិនបានមើលកូនឱ្យបានដិតដល់អំឡុងពេលកំពុងដើរផ្សារទិញឥវ៉ាន់ ប៉ុន្តែកំហុសមួយនេះដោយសារកូនរបស់ខ្ញុំមានចេតនាផ្តួលរលំ ឬ ខ្ញុំបង្រៀនកូនមិនបានល្អ?”
គួរបញ្ជាក់ដែរថា បន្ទាប់ពីរូបភាពទាំងនោះ ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម អ្នកដំណើរម្នាក់បានចែករំលែកសកម្មភាពច្បាស់ៗឱ្យឃើញថា ក្មេងប្រុសនោះ បានផ្អែកលើតុក្កតាដ៏ធំនោះដែលជាក់ស្តែងមិនមានរបងហ៊ុព័ទ្ធជុំវិញដើម្បីឱ្យអ្នកដំណើរប្រុងប្រយ័ត្នឡើយ។
ទោះជាយ៉ាងណា បន្ទាប់ពីវីដេអូមួយនោះ បានចែកចាយឡើង ធ្វើឱ្យកាលពីពេលថ្មីៗនេះ តាមការចុះផ្សាយព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ទឹកប្រាក់ចំនួន ៥២.៨០០ដុល្លារហុងកុង ត្រូវបានផ្ទេរទៅឱ្យគ្រួសាររបស់ក្មេងប្រុសរូបនោះវិញជាមួយនឹងលិខិតអភ័យទោសផងដែរ៕
(តំណភ្ជាប់ វីដេអូ)